សមត្ថកិច្ចផ្ទុះអាវុធ​២​គ្រាប់​ទើប​ចាប់បាន​ជនសង្ស័យ​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៤​នាក់​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ដោះកង់​រថយន្ត​១​គ្រឿង​ដែល​ចត​នៅតាម​ចិញ្ចើមផ្លូវ រហូត​មានការ​ផ្ទុះអាវុធ​២​គ្រាប់​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង នៅ​ចំណុច​ផ្សារ​ដើម​គរ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​ប្រភពព័ត៌មាន​ពី​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​ល្បាត​បាន​ជិះ​ល្បាត​ម្តុំ​កៅ​ដាយ​នៅ​ផ្លូវ​២០៥ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​៤​នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​ដោះកង់​រថយន្ត​១​គ្រឿង​ដែល​ចត​នៅតាម​ចិញ្ចើមផ្លូវ ក៏​ដេញ​ចាប់ធ្វើ​ឲ្យ​ជនសង្ស័យ​នាំគ្នា​រត់​ចែក​ជើង​គ្នា ប៉ុន្តែ​ក្នុងចំណោម​៤​នាក់​នោះ​មាន​ម្នាក់​បាន​រត់​ទៅមុខ​មជ្ឈមណ្ឌល​ចេនឡា​ក៏ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​ចាប់បាន​យកទៅ​សាកសួរ​នៅ​ទីស្នាក់ការ​ផ្សារ​ដើម​គរ ។​
​ប្រភព​បន្តថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ឯក សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អ្នក​ប៉ះ​កង់​ម៉ូតូ​នៅ​ផ្សារ​ដើម​គរ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ ប្រភព​បញ្ជាក់ថា ក្រោយពេល​សាកសួរ​ហើយ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍នគរបាល​ទួល​ស្វាយព្រៃ​២​ដើម្បី​ធ្វើការ​សាកសួរ​បន្តទៀត ហើយ​ជនសង្ស័យ​ក៏បាន​សារភាព​ប្រាប់ថា ខ្លួន​ពិតជា​លួច​របស់គេ​មែន​ដោយមាន​បក្សពួក​ចំនួន​៣​នាក់​ទៀត​ដែល​ចូលរួម​ធ្វើ​សកម្មភាព​លួច​កង់​រថយន្ត​នេះ​។​
​ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅដល់​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​២ ហើយក៏​មិនមាន​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​ដែរ សមត្ថកិច្ច​ក៏បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ ព្រោះ​ពួកគេ​សុទ្ធសឹង​ជា​ជនអនាថា​៕

9d2e3c26-64da-481b-ac9f-3aec9e59bb4b224a0176-db98-45f9-9470-da07b1e09b7d