ប៉ារីស៖នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានប្រាប់ប្រជាពលរដ្ឋឲ្យរៀនរស់និងការព្រមានភវរកម្ម ខណៈការវាយប្រហារអត្តឃាតនឹងបន្តកើតមានបន្ថែមទៀត។ លោកបញ្ជាក់ថា ដូច្នេះប្រជាជនទាំងអស់ត្រូវតែ «រៀនរស់នៅជាមួយនឹងការគំរាមកំហែង» ទុកឲ្យហើយ។
ការព្រមានរបស់នាយករដ្ឋមន្ត្រីបារាំងខាងលើនេះ បានកើតឡើងបន្ទាប់ប្រធានាធិបតីលោក Francois Hollande បាននិយាយថា បារាំងនឹងបន្តអូសបន្លាយការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៦ខែពេញតែម្តង ឆ្លើយតបទៅនឹងស្រមោល ដ៏គួរឲ្យភ័យខ្លាចនៃការវាយប្រហារក្នុងពិធីបុណ្យជាតិ Bastille ដែលបានប្រារព្ធឡើងនៅទីក្រុង Nice និងទទួលរងការ វាយប្រហារដោយរថយន្តបុករះ និងបាញ់ប្រហារសម្លាប់មនុស្ស ៨៤នាក់កាលពីសប្តាហ៍មុននេះ។
លោក Valls បានថ្លែងប្រាប់អង្គសភាបារាំងដូច្នេះថា «ទោះបីជាដឹងថាពាក្យទាំងនេះពិបាកនិយាយចេញមកក៏ដោយ ក៏ខ្ញុំមានកតព្វកិច្ចត្រូវលើកឡើងថា នឹងមានការវាយប្រហារផ្សេងៗទៀតកើតឡើង ហើយប្រជាជនស្លូតត្រង់បន្ថែមទៀត ក៏នឹងបាត់បង់ជីវិតផងដែរ។ យើងមិនត្រូវចុះចាញ់នោះទេ ប៉ុន្តែត្រូវរៀនរស់ជាមួយនឹងការគំរាមកំហែង»។ លោក បញ្ជាក់ថាជនសង្ស័យជនជាតិអ៊ីស្លាម Reda Kriket ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនាជាមួយអាវុធជាតិផ្ទុះផងនោះ គឺរូបគេបានគ្រោងវាយប្រហារភេរវកម្មនៅថ្ងៃប្រកួត Euro 2016 នៅទីក្រុងប៉ារីសតែម្តង៕