រាជធានីភ្នំពេញ៖ជនជាតិវៀតណាមចំនួន៥១នាក់ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនពីបទរស់នៅ និងលួចចូលមកធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបន្ទប់ផ្ទះជួលស្ថិតនៅភូមិកណ្តាល ក្រុម៥ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោមការដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
ជាមួយគ្នានេះដែរ ខណៈ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន៥១នាក់ ស្រី១៦នាក់។ ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចបានរកឃើញកាំភ្លើង មួយដើម និងថ្នាំញៀន ជាច្រើនកញ្ចប់ផងដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន។
លោកបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕