ស្រវឹង​ជោក​បើក​រថយន្តបុក​បង្គោល​ភ្លើង ​រួច​គេចខ្លួនបាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ខ្ទេច​មុខ សំណាងល្អ​មិន​បណ្តាល​ឲ្យ​រង​ប​រួស រួច​រត់​គេចខ្លួនបាត់​ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​ត្រង់​ផ្លូវ​សីហនុ​កែង និង​ផ្លូវ​ត្រសក់ផ្អែម នា​ម៉ោង​១ និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Honda City ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AG-1117 តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវបំបែក ទៅ​ផ្លូវ​ត្រសក់ផ្អែម បុរស​ជា​អ្នកបើកបរ​មិន​បង្អង់​ល្បឿន​ទេ គឺ​បត់​ឆ្វេង​ដៃ​ឆ្ពោះទៅ​ផ្លូវ​ត្រសក់ផ្អែម យ៉ាង​លឿន ហើយ​បួង​ចង្កូត​មិនទាន់ ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ទៅបុក​ជាមួយ​បង្គោល​ភ្លើង​ចំនួន​២​ដើម បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ តែ​មិន​បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​រងរបួស​នោះទេ ហើយ​បាន​បើកទ្វារ​រថយន្ត រួច​គេចខ្លួន​ចេញ​ព​កន្លែងកើតហេតុ បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​រថយន្ត ដែល​រង​ការខូចខាត នៅ​កន្លែង​បុក​តែប៉ុណ្ណោះ ។​
​ក្រោយ​កើតហេតុ​រថយន្ត ត្រូវបាន​ខាង​ជំនាញ​ចុះមក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ​៕

13775433_1631879187126446_3868284066240701172_n13775810_1631879177126447_2933915526969960280_n13709870_1631879127126452_5052470925489739666_n