អាហ្គានីស្ថាន៖យោងតាមសារព័ត៌មាន BBC បានផ្សាយថា មេដឹកនាំសំខាន់មួយរូបរបស់ពួកក្រុមរដ្ឋឥស្លាមដែលធ្វើសកម្មភាពនៅក្នុងប្រទេសអាហ្គានីស្ថានបានស្លាប់ក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងខេត្តណាងហ្គាហា។
មន្ត្រីអាហ្គានីស្ថានបាននិយាយថា មេដឹកនាំរូបនេះឈ្មោះ Saad Emarati គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលផ្សេងទៀតជាអ្នករៀបចំបង្កើតក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្គានីស្ថាន និងប៉ាគីស្ថាន ហើយបានដឹកនាំការវាយប្រហារជាច្រើនកន្លែងប្រឆាំងពួកតាលីបង់ និងរដ្ឋាភិបាលផងដែរ។
មន្ត្រីអាហ្គានីស្ថានថ្លែងថា Saad គឺជាមនុស្សម្នាក់ក្នុងចំណោម១២០នាក់ទៀតដែលសង្ស័យជាពួកសកម្មប្រយុទ្ធ ហើយត្រូវយោធារដ្ឋាភិបាលបាញ់សម្លាប់នៅក្នុងពេលប្រតិបត្តិការនៅក្នុងស្រុកកូត គឺក្រោយពេលប៉ុន្មានថ្ងៃដែលមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីកាប៊ុល ហើយបានសម្លាប់មនុស្សអស់៨០នាក់។
គួរបញ្ជាក់ថា Saad គឺជាអតីតមេបញ្ជាការនៅក្នុងក្រុមឧទ្ធាមតាលីបង់ ប៉ុន្តែបុរសម្នាក់នេះប្តូរទៅចូលរួមការងារជាមួយពួករដ្ឋឥស្លាមវិញបន្ទាប់ពី Mullah Omar ជាអ្នកបង្កើតក្រុមឧទ្ទាមតាលបង់បានស្លាប់៕