ខេត្តបន្ទាយមានជ័យ៖រថយន្តកាមរីមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតក្រឡាប់៣ត្រឡប់ធ្លាក់ចូលកវាលស្រែធ្លាយចេញសត្វអណ្តើកចំនួន១២៣ក្បាល ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកគ្រឿងញៀន និងសេដ្ឋកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះមានម៉ាកកាមរីស៊េរី៩៣ ពណ៌ស្លែ ពាក់ស្លាលេខពោធិ៍ សាត់ ២A០៤២៦។ លោកបន្តថា មុនពេលកើតហេតុនោះរថយន្តកាមរីនោះបានលួចដឹកអណ្តើកបើកចេញពីច្រកទ្វារច្រកអន្តរជាតិប៉ោយប៉ែតសំដៅចូលមកទីរួមខេត្តបន្ទាយមានជ័យក្នុងល្បឿនលៀនលុះបើកមកដល់ចំណុចកើតហេតុនោះស្រាប់តែរថយន្តនោះបានរេចង្កូតបើកធ្លាក់ចូលវាលស្រែតែម្តងនៅក្នុងខ្លុបរថយន្តខាងក្រោយរបើកឡើងក៏ធ្លាក់អណ្តើកជាច្រើនកញ្ចប់ក្រោយពីកើតហេតុរួចអ្នកដំណើរនៅទីនោះបានរាយការណ៍ទៅនគរបាលឲ្យចុះមកពិនិត្យ។ ចំណែកអ្នកបើករបរត់គេចខ្លួនបាត់ស្រមោល។
លោកស្នងការរងបញ្ជាក់ថា អណ្តើកចំនួន១២៣ក្បាលស្មើរនឹង២៨១គីឡូក្រាម។ អណ្តើកទាំងអស់នោះក្រោយពីធ្វើកំណត់ហេតុរួចនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នេះនគរបាលសេដ្ឋកិច្ចបានប្រគល់ទៅឲ្យមេព្រៃយកទៅអភិរក្សបន្ត៕