ដោយ៖ប៉ែនសុផល
បាត់ដំបង៖ក្នុងពិធីប្រលែងត្រីចូលទៅក្នុងបឹងទឹកខ្មៅ ឋិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះអភិបាលខេត្តបាត់ដំបងលោក ចន្ទ័ សុផលបានលើកឡើងថា ការប្រលែងកូនត្រីនេះក្នុងគោលបំណងផ្សារភ្ជាប់នូវមនោសញ្ចេតនាជាមួយបងប្អូនប្រជាពលរដ្ឋជាពិសេសប្រជានេសាទនិងបំផុសចលនាប្រជាពលរដ្ឋអោយចូលរួមថែរក្សាពូជត្រីក៍ដូចជាវារីជាតិផ្សេងៗនៅក្នុងដែនទឹកធម្មជាតិព្រមទាំងបង្កើនផលត្រីនៅតាមតំបន់ដែលមិនជាប់ដែននេសាទ ពិសេសនៅតាមតំបន់វាលទំនាប វាលស្រែធានាអោយមានផលត្រីនៅតាមតំបន់ដាច់ស្រយាលសម្រាប់បម្រើសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
លោកបានបន្តថា ប្រយោជន៍ដ៍សំខាន់ខាងលើក៍ជាការអនុវត្តតាមកំណែទម្រង់ស៊ីជម្រៅនៃវិស័យជលផលជាងនេះអនុវត្តស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំដៅការលុបបំបាត់បទល្មើស ការបំផ្លិចបំផ្លាញជលផលពិសេសការប្រើប្រាស់ឧបករណ៍ស្បៃមុង ឧបករណ៍ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតវារីជាតិគ្រប់ប្រភេទ សំដៅការលើកកម្ពស់វារីវប្បកម្ម តាមរយះការបំផុសចលនាលែងកូនត្រីនិងការអភិរក្សជម្រកត្រីមេពូជរួមទាំងការការពារនិងដាំដុះព្រៃលិចទឹកឡើងវិញជាដើម។
ការប្រលែងត្រីនេះដែរ ត្រូវបានរៀបចំឡើងនៅចំពោះមុខប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ ក្នុងនោះប្រភេទកូនត្រីមានកូនត្រីប្រា កូនត្រីឆ្ពិនចំនួន១០០០០កូន ត្រីក្រាញ់ចំនួន៨០គីឡូក្រាមនិងអន្ទង់ចំនួន១៥គីឡូក្រាមផងដែរ៕
អាជ្ញាធរខេត្តបាត់ដំបងប្រលែងកូនជាង១០០០០ក្បាល