រួមរស់ជា​ប្តី​ប្រពន្ធ​បាន​៣​ខែ ផឹកថ្នាំ​សម្លាប់​សត្វល្អិត​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​បានបញ្ចប់​ជីវិត​ខ្លួនឯង​ដោយ​ផឹកថ្នាំ​សម្លាប់​សត្វល្អិត​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ស្វាយ​អៀ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ណេ​ន ណុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទើបតែ​សែនព្រេន​ជា​ប្តី​ប្រពន្ធ​ជាមួយ​នារី​ម្នាក់​ឈ្មោះ ជី​ង ឈៀង អាយុ​១៩​ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រយៈពេល​៣​ខែ​ប៉ុណ្ណោះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្តី​-​ប្រពន្ធ​ទាំង​២​នាក់​កាន់​ទូរស័ព្ទ​១​គ្រឿង​ចុច​លេង​យ៉ាង​សប្បាយរីករាយ​។ លុះ​មួយសន្ទុះ​មិនដឹង​យ៉ាងម៉េច​ក៏​ដណ្តើម​ទូរស័ព្ទ​គ្នា​ទៅវិញទៅមក គ្រានោះ​បុរស​ជា​ប្តី​កើតក្តី​ខឹង ក៏​ដណ្តើម​ទូរស័ព្ទ​បាន​យក​គប់​ចោល រួច​ដើរទៅ​ផឹកស្រា​បាត់​។ ប្រភព​បន្ថែមថា បន្ទាប់​ពេល​ត្រឡប់​មកពី​ផឹកស្រា ប្តី​ក៏​ដើរទៅ​ខាងក្រោយ​ផ្ទះ ហើយ​យក​ថ្នាំ​សម្លាប់​សត្វល្អិត មក​ផឹក​សម្លាប់ខ្លួន​តែម្តងទៅ​។
​ក្រោយមក ទើប​ប្រពន្ធ​និង​សាច់ញាតិ​ដឹង​នាំគ្នា​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ឱ្យជួយ​សង្គ្រោះ តែ​ឥទ្ធិពល​នៃ​ថ្នាំពុល​បាន​ជ្រាប​ពេញ​រាងកាយ​បាត់ទៅហើយ ធ្វើឱ្យ​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​បាន​ក៏​ស្លាប់​តែម្តង ។​
​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច ក៏​ប្រគល់​សាកសព​ទៅឱ្យ​សាច់​ញាត់​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

deaf037c-6636-4798-bc34-1cd6477565a0de7c61f0-3ae9-4401-afe8-a77bab702ca8