មុខសញ្ញា​លួច​យ៉ាងសកម្ម​នៅស្រុក​កណ្តៀង៣​នាក់​ត្រូវ​នគរបាល​​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​មន្ត្រីនគរបាល​ស្រុក​កណ្តៀង​បាន​ឲ្យ​ដឹងថា មុខសញ្ញា​លួច​យ៉ាងសកម្ម​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ស្រុក​កណ្ដៀង​ឃាត់ខ្លួន បន្ទាប់ពី​ហៅ​មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦​។​
​មន្ត្រីនគរបាល​ដដែល​បន្តថា មុខសញ្ញា​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នោះ ទី​១-​កែវ សុខ​ជា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទី​២-​ស៊ឹម ញ៉ា​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ និង​ទី​៣-​ជា សុខ​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​ប្រភព​បញ្ជាក់ថា ការឃាត់ខ្លួន​ពួកគេ​ទាំងបី​នាក់​នេះ ធ្វើឡើង​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ជឹម ផល្លា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ចំបក់ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ថា​ជនសង្ស័យ​ទាំងបី​នាក់​នេះ បាន​លួច​កាបូប​លុយ ក្នុងនោះ​មាន​លុយ​ចំនួន ១១៥០០០​រៀល លុះ​នៅ​យប់​ដដែល​វេលា​ម៉ោង​ប្រមាណ​១២​យប់ ពួកគេ​បាន​បន្តធ្វើ​សកម្មភាព​លួច​កាបូប​ឈ្មោះ កែវ ស៊ី​គឿ​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន ២០០០០០​រៀល និង​ទូរស័ព្ទដៃ iPhone 4 ០១​គ្រឿង ។​
​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​កណ្តៀង កំពុង​បំពេញ​សំណុំបែបបទ បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងបី ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

fn-2016-08-03-08-55-18-1