ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​នៅ​ស្រុក​សង្កែ​ត្រូវ​អ្នកមានអំណាច​ឈូស​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា នៅក្នុង​តំបន់​បី ចំណុច​តា​ពូថៅ ស្ថិតនៅ​ខាងជើង​ចារ​ជ្រុំ ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ត្រូវបាន​អ្នកមានអំណាច​លួច​នាំយក​គ្រឿងចក្រ​ទៅ​ឈូសឆាយ ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។​
ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ជា​រៀងរាល់ឆ្នាំ​គេ​តែង​ឃើញ ក្រុម​ឈ្មួញ និង​ក្រុមអ្នកមានអំណាច​មួយចំនួន​បាន​នាំ​លួច​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ និង​ឈូសឆាយ​ព្រៃ​លិច​ទឹក​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ ស្រប​ពេលដែល​រយៈពេល​កន្លងមក​ខេត្តបាត់ដំបង​ជួប​គ្រោះរាំងស្ងួត ហើយ​ព្រៃ​មួយចំនួនធំ​ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ផង​នោះ ពេលនេះ​ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុម​អ្នកមាន​អំណោយ​ឈ្លាត​ឱកាស​ឈូសឆាយ និង​ជីក​កកាយ​បន្ថែម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ ជម្រក​សត្វព្រៃ និង​មច្ឆា​ជាតិ​ទាំងមូល​ទៀតផង​។​
ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ លោក​ជួង សុភា នាយ​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​យើង​កាលពី​រសៀល​ម្សិលមិញ​ថា​៖​លោក​មិន​បានដឹង​ទេ ហើយ​ដី​នៅ​ចំណុច​នោះ​នៅក្នុង​ផែនទី​មាន​លក្ខណៈ​កា​ង៉ិ​កា​ង៉ក់ ចាំ​លោក​ចាត់​អោយ​ខាង​ផ្នែក​សង្កាត់​ចុះទៅ​មើល​។​
ចំណែក លោក គឹម វណ្ណៈ អភិបាលស្រុក​សង្កែ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ផងដែរ​លោក​ក៍បាន​ប្រាប់​សារព័ត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​មិញ​ថា រឿង​ហ្នឹង​លោក​ក៏​មិនបាន​ដឹង​ដែរ​ចាំ​លោក​ចាត់​អោយកម្លាំង​ចុះទៅ​ស្រាវជ្រាវ​មើល​៕

13933241_1747022738869622_1751053393_n13933268_1747022735536289_748227111_n13942652_1747022742202955_137168643_n13957596_1747022722202957_620589734_n