គ្រួសារ​យុវជន​ស្លាប់​ដោយសារ​ផ្ទុះ​កាំ ជ្រួច​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​រដ្ឋា ភិបាល​៥​ម៉ឺន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

ភ្នំពេញ​៖​ក្រុមគ្រួសារ​យុវជន​ដែល​បាន​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច កាល ពី​ថ្ងៃទី​២៩ តុលា ក្នុង​ព្រះ​រាជពិធី គម្រប់​ខួប​១០​ឆ្នាំ​ព្រះមហា ក្សត្រ​គ្រង​រាជសម្បត្តិ បានដាក់​លិខិត​ទៅ​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ​ជាច្រើន​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ផ្ដល់​សំណង ខណៈដែល​រដ្ឋាភិបាល បានគេច​វេះ​មិន​ទទួលខុសត្រូវ​នូវ​ការធ្វេស ប្រហែស​របស់ខ្លួន​។​

​គ្រួសារ​យុវជន​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច ទាមទារ​សំណង​ជំងឺ​ចិត្ត ៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពី​រាជរដ្ឋាភិបាល​។​

សំណើ​នេះ​ធ្វើឡើង បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ​ព្យាយាម​ដាក់​លិខិត​ទៅ​ស្ថាប័ន​កំពូលៗ និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ឲ្យ​ជួយ​ជំរុញ​ធ្វើយ៉ាងណា​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យ​ចេញមុខ មក​ទទួលខុស​ត្រូវចំ​ពោះ​ករណី​បាញ់​កាំជ្រួច​អបអរ​បុណ្យជាតិ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​រងរបួស​។​

ឪពុក​ជនរងគ្រោះ ឈ្មោះ វ៉ាន់ ណាគ្រី ឲ្យ​ដឹងថា រដ្ឋាភិបាល​ហាក់​ស្ងៀមស្ងាត់​មិន​ចេញមក​ទទួលខុស ត្រូវ​ចំពោះ​ការស្លាប់​របស់​កូនប្រុស​គាត់​។ លោក​បញ្ជាក់ថា​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការធ្វេសប្រហែស​បណ្ដាល​ឲ្យ​ផ្ទុះ​កាំជ្រួច​ត្រូវ​មនុស្ស​ស្លាប់ និង​របួស​។​

លោក វ៉ាន់ ណាគ្រី បានដាក់​លិខិត​ទៅ​ព្រះបរមរាជវាំង ទៅ​ស្ថាប័ន​រដ្ឋសភា ក្រសួងការពារជាតិ អង្គការសិទ្ធិមនុស្ស​អា​ដ​ហុក និង​អង្គការសិទ្ធិមនុស្ស​លីកាដូ​។ ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ​នៅ​មិនទាន់​ឆ្លើយតប ចំពោះ​សំណើ​ដែល​គាត់​សុំ​ពឹងពាក់​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សំណង​នោះទេ​។​

​កូនប្រុស​របស់លោក វ៉ាន់ ណាគ្រី ឈ្មោះ ណាគ្រី ដា​រ៉ូ វ័យ​២៣​ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បែកធ្លាយ​ពោះ​មួយ​ចំហៀង​ដល់​ឆ្អឹងជំនី នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​កន្លែង​បាញ់​កាំជ្រួច​នៅ​ត្រើយ​ខាងកើត​ក្បែរ​សណ្ឋាគារ​សុខា ទល់មុខ​ព្រះបរមរាជវាំង​។​
​ភ្លាមៗ​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​អះអាងថា ជា​កំហុស​បច្ចេកទេស​។ ពាក្យ​កំហុស​បច្ចេកទេស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិនបាន​ចេញមក​ទទួលខុស​ត្រូវ ឬ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​។ ក្រៅតែពី​លុយ​ចូល​បុណ្យសព​ចំនួន​២​លាន​រៀន ជា​ថវិកា​ផ្ទាល់ខ្លួន​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថវិកា​៦​លាន​រៀល​ទៀត ពី​គណៈកម្មការ​បុណ្យជាតិ​។​

ឪពុក​ជនរងគ្រោះ​បញ្ជាក់ថា សំណើ​សំណង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​នោះ មិនអាច​កាត់ថ្លៃ​ជីវិត​កូនប្រុស របស់លោក​ដែល​បាន​ស្លាប់​ទេ​។ ប៉ុន្តែ​ជា​សំណើ​មួយ​ដែល​ត្រូវតែ​ទាមទារ​ខានមិនបាន​ទៅ​រដ្ឋាភិបាល ដើម្បី​ជា​ជួង​មួយ​ដាក់​តឿន​កុំ​ឲ្យ​រដ្ឋាភិបាល​ព្រងើយកន្តើយ និង​ធ្វេសប្រហែស​ដូច​ករណីនេះ​ទៀត​។​

ទាក់ទង​នឹង​លិខិត​សុំ​អន្តរាគមន៍​ពី​គ្រួសារ​យុវជន​ដែល​ស្លាប់​នោះ អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់ថា អង្គការ​លោក​បានទទួល​លិខិត​នោះ​ហើយ និង​កំពុង​ពិនិត្យមើល​តាម​លទ្ធភាព​ដែល​អាចជួយ​ដល់​គាត់​បាន​។ អង្គការ​មួយ​នេះ កំពុងតែ​ពិនិត្យ​តាមផ្លូវ​ច្បាប់​ដើម្បី​អាចជួយ​គាត់​តាម​ប្រព័ន្ធតុលាការ​។​

លោក អំ សំអាត បញ្ជាក់ថា ការទាមទារ​សំណង​ពី​គ្រួសារ​ជនរងគ្រោះ គឺជា​សិទ្ធិ​របស់គាត់​។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មិន​ត្រូវយក​កំហុស​បច្ចេកទេស​មក​គេចវេះ​មិន​ទទួលខុសត្រូវ​នោះដែរ​។​

​មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ ធ្លាប់​ប្រាប់ថា​ការទទួលខុសត្រូវ​ក្នុង​រឿងនេះ គឺ​ថ្នាក់ជាតិ ដែល​ក្នុងនោះ​មាន​ក្រសួងមហាផ្ទៃ និង​ទីចាត់ការ​ហ្វឹកហ្វឺន​នៃ​អគ្គ​សេនាធិការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ស្ថាប័ន​ដែលមាន​ភារកិច្ច ឬ​ពាក់ព័ន្ធ​ទាំងអស់ នៅ​មិនទាន់​និយាយ​ចេញ​ជា​សាធារណៈ​ពី​ការទទួលខុសត្រូវ​លើ​ករណីនេះ​ក្នុង​កម្រិតណា​នោះទេ​៕ rfa /

Untitled-1សាកសព​យុវជន ណាគ្រី ដា​រ៉ូ ដែល​ដេកស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយម្ខាង​មុខ​វាំង នៅ​យប់​ថ្ងៃទី ២៩ តុលា ២០១៤​។