ឃាត់ខ្លួនកម្មករសំណង់​៦​នាក់​ដេញ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុមកម្មករ​សំណង់​៦​នាក់​បានកើត​ជម្លោះ​រហូត​ទាញ​កាំបិត​ដេញ​កាប់​ប្រហារ​គ្នា យ៉ាង​អនាធិបតេយ្យ បណ្តាល​ឲ្យ​រងរបួស​ទាំងអស់គ្នា ហើយ​ពួកគេ​ក៏ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​សង្កាត់​ភ្នំពេញ​ថ្មី​ចាប់ខ្លួន​ផងដែរ​។ ករណី​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​អធិការនគរបាល​ខ​ណ្ឌ​លោក ម៉ក់ ហុង បាន​បញ្ជាក់ថា កម្លាំង​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​ចំនួន​៦​នាក់​ករណី​ហិង្សា​ដោយ​ចេតនា វាយតប់​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​របួស​ទាំងសងខាង ភាគី​ទី​១​មាន​គ្នា​ចំនួន​០៣ និង​ភាគី​ទី​២​មាន​គ្នា​ចំនួន​០៣​នាក់ (​ជន​ទាំង​០៦​នាក់​ជា​កម្មករសំណង់​) នៅ​ចំណុច ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​លោក​អធិការ​បាន​បន្តថា សកម្មភាព​របស់​ក្រុម​ជនល្មើស​ទាំងនេះ បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ពួកគេ​នៅពេលនេះ គឺ​ស្ថិតក្រោម​ការសួរនាំ នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

fn-2016-08-07-21-12-37-0