បណ្តឹងសុំ​មោឃភាព​ការចាប់ខ្លួន​លោក នី ចរិយា ត្រូវ​ច្រានចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖សាលាឧទ្ធរណ៍ នា​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦​នេះ បាន​ច្រានចោល បណ្តឹងសុំ​មោឃភាព​ការចាប់ខ្លួន​លោក នី ចរិយា ហើយ​សម្រេច​ឲ្យ​មាន​ការបន្ត​ឃុំខ្លួន​ទៀត ។​
​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក នី ចរិយា បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយពេល​សវនាការ​ថា កូនក្តី​របស់លោក​បាន​ប្តឹ​សុំ​មោឃភាព​ចំពោះ​នៅ​តំណាក់កាល​នគរបាល​យុត្តិធម៌​ដែល​បាន​ចាប់ខ្លួន​លោក​នៅពេល​កោះហៅ​មក​សាកសួរ ខណដែល​លោក នី ចរិយា មិនបាន​និយាយ​ជាមួយ​អ្នកកាសែត​ទេ​។​
​លោក សំ សុ​គង់ បាន​លើកឡើងថា ចៅក្រម​សភា​ស៊ើបសួរ​បាន​ច្រាន​ការស្នើសុំ​របស់​មេធាវី​ចាត់ជា​អាសាបង់ និង​បានសម្រេច​បង្វិល​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើប​បន្ត​នីតិវិធី​តាមច្បាប់​។ លោក​មេធាវី​ថា ការសម្រេច​នេះ ដោយ​តុលាការ​សំអាង​ហេតុថា ការសាកសួរ​ច្រើនដង​របស់​នគរបាល​យុត្តិធម៌​មិនមាន​ច្បាប់​ណា​ចែងថា ប៉ះពាល់​ដល់​សិទ្ធិ​ទេ​។ ការ​សួរ​នេះ ដើម្បី​រក​អង្គហេតុ​ផ្សេងទៀត ពេលនេះ​តុលាការ​ច្រានចោល​បណ្តឹង​នេះ​តែម្តងទៅ​។​
​លោក​មេធាវី​បាន​លើកឡើងថា ការដាក់​បណ្តឹងសុំ​មោឃភាព​នេះ ដោយ​មេធាវី​បាន​មើលឃើញថា ការអនុវត្ត​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​៣៨ ដោយសារ​ការ​សួរ​យក​ចម្លើយ​គាត់​ច្រើនដង រហូតដល់​បួន​ដង​សួរ​ពេល​ម៉ោង​ធ្វើការ​ងារ​ផង សួរ​ក្រៅ​ម៉ោង​ធ្វើ​ការងារ​ផង និង​សួរ​ពេលយប់​ផង​។​
​លោក​នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​ជាមួយនិង​បុគ្គលិក​ជាន់ខ្ពស់​អង្គការ​អាដហុក​ចំនួន​៤​នាក់​ទៀត កាលពី​ថ្ងៃទី​២៨ មេសា ២០១៦ និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ៕

e9eba5a9-b47e-4ac6-9fa6-a616377a7b19