បុរស​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​​នៅ​ស្រុក​កណ្តាលស្ទឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

ខេត្តកណ្តាល​៖​អំពើ​ឃាតកម្ម​បាញ់សម្លាប់​បុរស​ម្នាក់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់​បាន​ប្លុង​រថយន្ត​ចោល នៅតាម​ផ្លូវជាតិ​លេខ​២ ទឹកដី​ស្រុក​បាទី ខេត្តតាកែវ មុនពេល​រត់គេចខ្លួន​បាត់​។ ជនរងគ្រោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាច​សង្ស័យ​ជា​ជនបរទេស​អាយុប្រមាណ​៤០​ឆ្នាំ​។​
តាម​ប្រភពព័ត៌មាន​ដែល​សម​ត្ត​កិច្ច​ទទួលបាន​ថា នៅវេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី គេ​បានឃើញ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៣​នាក់ ទៅ​ឈប់​រថយន្ត​ជជែក​គ្នា​នៅ​សាលាសំណាក់ ត្រង់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ ។ ប្រភព​បន្តថា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​កើតមាន​អំពើ​បាញ់ប្រហារ​សម្លាប់​មនុស្ស​ម្នាក់ ចោល​សាកសព​នៅ​ទីនោះ ហើយ​គេ​បានឃើញ​រថយន្ត​ម៉ាក់ Vista ពណ៌​ការ៉ុត ស្លាក​លេខ ៧៩២៥ មួយគ្រឿង​បើក​គេចខ្លួន​បាត់ទៅ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ បន្តិចក្រោយមក​ក៏មាន​ព័ត៌មាន​ថា រថយន្ត​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​ស្រុក​បាទី ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។​
​ប្រភព​បញ្ជាក់ថា សមត្ថកិច្ច​ឃាត់​ចាប់​បានតែ​រថយន្ត​ទេ ខ្មាន់កាំភ្លើង​បាន​រត់​អស់ហើយ ទោះយ៉ាងណា​ក្ដី​កម្លាំង​កង​រាជ​អាវុធ សហ​ការណ៍​ជាមួយ​នគរបាល​មូលដ្ឋាន​កំពុង​តាម​ប្រមាញ់​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕

a550e20a-40c7-493c-9a07-289ab8628e1b3035f076-e88b-40a0-8adb-00489347d0c9