គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល​៣៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ (​ស្រី​២​នាក់​) រងរបួស​ធ្ងន់​១១​នាក់ (​ស្រី​៥​នាក់ ) និង​របួសស្រាល ២៤​នាក់ (​ស្រី​១៤​នាក់​)​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៥​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​, ថ្មើរជើង​ម្នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, ងងុយដេក​, កត្តា​យានយន្ត​, ប្រជែង​, មិន​ប្រកាន់​ស្តាំ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់ (​យប់​៣​នាក់ ) ។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,៤៨៤​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៥៤៥​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៩៣៩​គ្រឿង​៕

13901425_2079903885567954_5799527288523958849_n