រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាញ់បុរសម្នាក់ប្លន់យកម៉ូតូយ៉ាងសាហាវនៅកណ្តាលក្រុងកាលពីយប់ម៉ោង០១ និង២០នាទី យប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅមុខហាងកាហ្វេ យីហោ (ដេលី) តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន។
តាមការឲ្យដឹងពីសមត្ថកិច្ច កាលពីយប់ថ្ងៃទី១០ ខែសីហា សមត្ថកិច្ចបានជិះម៉ូតូល្បាត ក៏ប្រទះឃើញជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ដោយសង្ស័យសមត្ថកិច្ចក៏ជិះម៉ូតូប្រដេញឲ្យឈប់ តែក្រុមជនសង្ស័យមិនបានឈប់ ហើយជិះម៉ូតូរត់គេចពីសមត្ថកិច្ច រហូតដល់ចំណុចផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបកម្លាំងសមត្ថកិច្ច ឡោមពន្ធ័ចាប់បានម្នាក់ និងម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ ខ្មៅ។
បន្ទាប់ពីធ្វើការសួននាំ ទើបជនសង្ស័យសារភាព ខ្លួនជាអ្នកធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូជនរងគ្រោះ នៅម្តុំកាហ្វេ ដេលី កាលពីយប់ថ្ងៃទី០៩ ដោយមានបក្ខពួកចំនួន៥នាក់។ បន្ទាប់ពីធ្វើការសាកសួរួច ជនសង្ស័យត្រូវបានឃុំខ្លួន ដើម្បីសាកសួរបន្ថែម ស្វែងរកបក្ខពួកជនសង្ស័យបន្ថែមទៀត។
គួររំលឹកថា កាលពីយប់ម៉ោង០១ និង២០នាទី យប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានករណីបាញ់ប្លន់យកម៉ូតូមួយ កើតឡើងនៅមុខហាងកាហ្វេ យីហោ (ដេលី) តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនល្មើសបានបាញ់ប្រហារមក លើជនរងគ្រោះចំនួន៣គ្រាប់ តែត្រូវ២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយប្លន់យកម៉ូតូបានសម្រេច៕