បក្សប្រឆាំង​បារម្ភ​ពី​ថវិកា​ធានា​និរន្តរភាព​នៃ​ការផ្សាយ​ទូរទស្សន៍នាពេលខាងមុខ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

ភ្នំពេញ​៖​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​កំពូល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ទម្លាយ​ភាព ទាល់ច្រក​ដែល​នៅ​សេសសល់​ក្នុងនោះ​កាល ពីថ្ងៃ​សុក្រ ក្រសួង​ព័ត៌មាន​បានសម្រេច​អនុ ញ្ញាត​ឲ្យ​ក្រុមហ៊ុន Cambodian Independent Media Co, Ltd របស់​គណបក្សប្រឆាំង​ចាប់ ផ្តើម​ដំណើរការ​ស្ថានីយ​ផ្សាយ​ទូរទស្សន៍​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​។​

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​ខៀវ កាញារិទ្ធ និង​មានការ​យល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផ្តល់​ឲ្យ​ទូរទស្សន៍​បក្សប្រឆាំង​ផ្សាយ​តាម​ប្រព័ន្ធ Analog ដោយ​ក្រសួង​បាន​ដក​ហ្វ្រេ​កង់​មួយ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប​រាជធានីភ្នំពេញ​ចំនួន​១Channel ។​

​ក្រសួង ព័ត៌មាន​បានសម្រេច​កា​លពី​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៤ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Cambodian Independent Media Co, Ltd ដំណើរការ​ស្ថានីយទូរទស្សន៍​តាម​ប្រព័ន្ធ Analog​នៅ​រាជធានី​ភ្នំពេញ ដែលមាន​កំលាំង​ផ្សាយ ១០ គីឡូវ៉ាត់ កម្ពស់​បង្គោល​អង់​តែ​ន ១២០​ម៉ែត្រ​ និង​ប្រើ Channel UHF-E41 និង​ស្ថានីយទូរទស្សន៍​ប្រព័ន្ធ Analog ផ្សាយ​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ដែលមាន​កម្លាំង​ផ្សាយ ១​គីឡូវ៉ាត់ កម្ពស់​ប​ង្កោ​លអង់​តែ​ន១០០​ម៉ែត្រ​និង​ប្រើ​ Channel ​ដដែល​។​

​លើសពីនេះ ក្រុមហ៊ុន Cambodian Independent Media Co, Ltd ត្រូវ​ក្រសួង​ព័ត៌មាន​ប្រាប់​ឲ្យ​ទៅ​បំពេញបែបបទ​ស្នើសុំ​អាជ្ញាប័ណ្ណ ដើម្បី​ដំណើរការ​ស្ថានីយ៍ទូរទស្សន៍​ផ្សាយ​បន្ត​នៅតាម​បណ្តា​ខេត្ត​នៅ​ក្រសួង ព័ត៌មាន​។​

​ការចេញលិខិត​ដែលមាន​ចំណារ​យល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ  ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលបាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប​រវាង​មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កាលពី ថ្ងៃ​សុក្រទី២៨ ខែវិច្ឆិកា។​

​នៅក្នុង​ចំណុច​ទី​១​នៃ​លទ្ធផល​ជំនួប ហ៊ុន សែន​-​សម រង្សី នេះដែរ ត្រូវបាន​គូសបញ្ជាក់ថា ចំពោះ​សំណើរ​សុំ​របស់លោក សម រង្សី ទាក់ទង​ទៅនឹង​ការដាក់​ឲ្យ​ដំណើរការ​ស្ថានីយទូរទស្សន៍ និង​ការដាក់​ឲ្យ​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​នៅតាម​ខេត្ត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បានផ្តល់​ការឯកភាព​ជាគោលការណ៍ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវបំពេញ​បែបបទ​ស្នើសុំ​អាជ្ញាប័ណ្ណ នៅ​ក្រសួង​ព័ត៌មាន​។​

​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានថ្លែងថា ជាគោលការណ៍​គណបក្ស​របស់លោក​យល់​ព្រម​ផ្សាយ​ជា​បណ្តោះ អាសន្ន​សិន​តាម ប្រព័ន្ធ​Analog ដោយសារតែ​ប្រព័ន្ធ​នេះ​មាន​គុណភាព​មិនទាន់​ល្អ​ដូច​ផ្សាយ​តាម​ប្រព័ន្ធ Digital មែន​តែ​អ្នកទស្សនា អាច​មើល​ទូរទស្សន៍​ថ្មី​នេះ​បាន​ភ្លាម​។ ដោយឡែក​ទាក់ទង​ទៅនឹង​ការចាប់ផ្តើម​វិញ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា កំពុងតែ​រៀបចំ​កម្មវិធី និង​ដំណើរការ​ផ្សេងៗ​ទៀត​។​

គួរ​ជម្រាប​ថា ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុ​ជាមួយ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដំណើរ​បើក​ស្ថានីយទូរទស្សន៍​របស់ខ្លួន បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លិខិតអនុញ្ញាត​កាលពី​ថ្ងៃទី​២៤ វិច្ឆិកា​។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ដែល​ហៅ​កាត់​ថា ស៊ី​អាយ​អឹម (Cambodian Independent Media) អ្នកស្រី គុណ លំអង មានប្រសាសន៍​នៅ​ថ្ងៃទី ៣០​វិច្ឆិកា​ថា អ្នកស្រី មាន​ភាព​ជឿជាក់ថា នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​បើក​ស្ថានីយទូរទស្សន៍ ពី​ក្រសួង​ព័ត៌មាន ប៉ុន្តែ​កត្តា​ដែល​អ្នកស្រី​ព្រួយបារម្ភ​នោះ គឺ​បញ្ហា​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់ ដំណើរការ​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ​។

អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន ប្រសាសន៍ថា នៅ​ថ្ងៃ​ច័ន្ទ​ទី​១​ធ្នូ ក្រុមហ៊ុន​នឹងដាក់​ការស្នើសុំ​អាជ្ញាប័ណ្ណ​នោះ នៅ​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ដំណើរការ​នៃ​គ្រប់គ្រង​ និង​ចាត់ចែង​ស្ថានីយ​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ពិភាក្សាគ្នា​នៅឡើយ​។ លោក​បញ្ជាក់ទៀតថា ទោះបីជា​ក្រុមហ៊ុន​ឯកជន​ណាមួយ​ទទួល​សិទ្ធិ​វិនិយោគ​ក៏ដោយ ប៉ុន្តែ​ស្ថានីយ​នោះ​ត្រូវតែ​ឯករាជ្យ និង​ស្របតាម​វិជ្ជាជីវៈ​ព័ត៌មាន​។​

​ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី គុណ លំអង បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ពិភាក្សា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ធានា​ឲ្យ​មាន​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​នៅពេលដែល​ស្ថានីយ​នេះ​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​នៅពេល​ដ៏​ខ្លី​ខាងមុខ​៕ ម.គ