តុលាការ​កោះហៅ​លោក​ប៉ាវ ស៊ីណា ស៊ើបសួរ​ករណី​បាតុកម្មហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2014 ក+ ក-

ភ្នំពេញ​៖ លោក​ជា សុខ​ហៀ​ង ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ ដីកា​បង្គាប់​ឲ្យ លោក ប៉ាវ ស៊ីណា ចូលខ្លួន​ឆ្លើយបំភ្លឺ​ទៅកាន់​សាលាដំបូង​នៅ​ថ្ងៃទី​១២ ខែ​ខែកញ្ញា ឆ្នាំ​២០១៤​ខាងមុខ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ក្នុង​សំណុំរឿង​បាតុកម្ម​មាន​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​។​

លោក ប៉ាវ ស៊ីណា ត្រូវបាន​ចៅក្រម​បាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​។​

​ក្នុង​បទ​ប្រកាន់​ដូចគ្នានេះ​ត្រូវគេ​មើលឃើញថា យ៉ាងហោចណាស់​ក៏មាន​មេដឹកនាំ​សហជីព​កម្មករ ៥ រូប​ផ្សេងទៀត​ដូចជា លោក រ៉ុង ឈុន និង​លោក អាត់​ធន់ ជាដើម​ក៏ត្រូវ​បាន​ចៅក្រម​ចោទប្រកាន់ និង​កោះ​ហៅចូល​បំភ្លឺ​ដូច​លោក ប៉ាវ ស៊ីណា ដែរ​។​

ក្នុង​ដីកា​លោក​ចៅក្រម​ស៊ើបអង្កេត ជា សុខ​ហៀ​ង បានសរសេរថា បទល្មើស​ចោទប្រកាន់ លើ​មេដឹកនាំ សហជីព កម្មករ​ខាងលើនេះ បាន​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៤​។ បទល្មើស​នោះ ត្រូវ​ផ្តន្ទាទោស តាម​មាត្រា ២១៨ មាត្រា ៤១១ មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៧៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕

------                     ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា​