ស្ដ្រី​ភ្ញៀវទេសចរ​បារាំង​៣​នាក់បាត់​ខ្លួន​មួយ​យប់នៅក្នុង​ព្រៃភ្នំ​កែប ត្រូវសមត្ថកិច្ច​រកឃើញ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

​ខេត្ត​កែប​៖​ស្ដ្រី​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​៣​នាក់ អាយុ​ប្រហែល​២៥​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​អស់​មួយ​យប់ នៅក្នុង​ព្រៃភ្នំ​កែប ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រតិបត្តិ​ការរកឃើញ​វិញ​ហើយ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​កន្លែង​លក់​សំបុត្រ​ចូល​ឧទ្យាន​កែប ខេត្ត​កែប​។​
​ទាក់ទិន​ករណីនេះ ស្នងការ​នគរបាល​ខេត្ត​កែប លោក អី សំអុល បាន​ឲ្យ​ដឹងថា តាម​ការបញ្ជាក់​ពី ឈ្មោះ អ៊ុយ សារ៉ាត់ ម្ចាស់​ម៉ូតូ​កង់​បី​ដែល​ដឹក​ភ្ញៀវទេសចរ​ខាងលើ បាន​ប្រាប់ថា ម៉ោង​១៦ និង​២០​នាទី គាត់​បាន​ដឹក​ភ្ញៀវ​ស្រី​បារាំង​ទាំងបី​នាក់ ទៅ​ភ្នំ​កែប​លុះដល់​កន្លែង​លក់​សំបុត្រ​ចូល​ឧទ្យាន​កែប​ពួកគេ​ចុះ​ដើរ បំណង​ទៅ​មើល​ថ្ងៃ​លិច​នៅ​ទីនោះ ដោយបាន​សន្យា​ឲ្យ​គាត់​ទៅ​ចាំ​ទទួល ពួកគេ​នៅ​ច្រក​ចេញពី​ខាងកើត​ភ្នំ​។​
​លោកស្នងការ​បានបញ្ជាក់​ថា ផ្លូវ​នេះ​ប្រវែង​៨​គីឡូម៉ែត្រ លុះដល់​ម៉ោង​១៨ និង​០០ គាត់​ទៅ​ចាំ​នៅ​គោលដៅ​ណាត់ តែ​មិនឃើញ​ភ្ញៀវ​បរទេស​នោះ ត្រឡប់មកវិញ ក្រោយមក​គាត់​បានមក​ប្ដឹង​នគរបាល​ខេត្ត ប្រចាំ​ឆ្នេរកែប​ឲ្យ​ជួយ​រក​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​បាន​មកដល់​គោលដៅ​ចាត់តាំង​កម្លាំង​ប្រចាំការ​នៅ​ស្នងការដ្ឋាន កម្លាំង​ប្រចាំ​ឆ្នេរកែប សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស ដែលមាន​កម្លាំង​រួម​២០​នាក់ ចេញ​រុករក សារ​ចុះ​សារ​ឡើង ច្រើនលើក​ដល់​ម៉ោង​១ និង​០០​រំលងអធ្រាត្រ តែ​មិនទាន់​បានឃើញ​ទេ ដោយសារ​យប់​ងងឹត​ពិបាក​មើល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បន្ថែមទៀតថា លុះ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ត្រី​ជនជាតិ​បារាំង ដែល​បាត់​ពី​យប់មិញ​ត្រូវបាន​រកឃើញ​វិញ​ហើយ ដោយ​ពួកគេ​វង្វេង​នៅក្នុង​ព្រៃ ហើយ​ដេក​ក្នុងព្រៃ​ភ្នំ​កែប​ពេញ​មួយ​យប់​។ ក្រោយ​រកឃើញ​ស្ដ្រី​ភ្ញៀវ​បរទេស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​តាមរ​បស់​សមត្ថកិច្ច​មក​ស​ម្រាក់ នៅផ្ទះ​សំណាក់​នៅ​កំពត​វិញ​ផងដែរ​។​
​ករណី​ដូចគ្នានេះ បានកើត​ឡើង​ម្តង​ហើយ ដោយ​ក្រុមគ្រួសារ​ជនជាតិ​បារាំង​មាន​គ្នា​៤​នាក់ និង​មេ​គ្គុ​ទេសន៍​ទេសចរណ៍​ម្នាក់​បាន​វង្វេងផ្លូវ​បាត់​ខ្លួន​ក្នុង​តំបន់​ទេសចរណ៍​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​អាជ្ញាធរ​រុករក​ឃើញ​ត្រឡប់មកវិញ​៕

fn-2016-08-15-09-10-18-4fn-2016-08-15-09-10-18-6