អ្នកវិភាគ ​៖​ កម្ពុជា​ហួសពេល​ក្នុងការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​ក្នុង​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2014 ក+ ក-

ភ្នំពេញ​: លោក សម រង្ស៊ី ត្រូវគេ​រិះគន់​តាម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​លោក និង​សម្តេច ហ៊ុន សែន បាន​ព្រមព្រៀង​កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ដើម្បី​ឲ្យ​មាន ការ​កែសម្រួល​បទបញ្ជា​ផ្ទៃក្នុង​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ តិចនៅ​រដ្ឋសភា និង​ត្រូវមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដែល​គ្មាន​នរណា​ក្រៅពី​លោក សម រង្ស៊ី នោះទេ​។​ចំណែក​លោក​បណ្ឌិត សុខ ទូច បាន​យល់ថា កម្ពុជា​បាន​ដើរ​ហួស​ដំណាក់កាល​នៃ​ការបង្កើត ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅក្នុង​រដ្ឋសភា​នោះ​ហើយ ។​

​នៅក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃអាទិត្យ​នេះ មានការ​លើកឡើងថា លោក​សម រង្ស៊ី ដែល​ចង់បាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅ​រដ្ឋសភា​នោះ គឺ​ដើម្បី​ឲ្យ​លោក​បាន​ធំ​ជាង​លោក​កឹម​សុខា ដែលជា​អនុប្រធាន​ទី​១​រដ្ឋសភា​នាពេល​សព្វថ្ងៃ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក ក៏បាន​រិះគន់​លោក សម រង្ស៊ី ផងដែរ​ថា បាន​បំភ្លេច​អស់ហើយ​នូវ​ការទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដូច​ការដើរ​សន្យា​ជាមួយ​សកម្មជន និង​ប្រជាពលរដ្ឋ​តាម​រាជធានី​ខេត្ត ព្រមទាំង​បំភ្លេច​ការប្រកាស​ទាមទា​រ​កន្លងមក ដូចជា អំពើ​អយុត្តិធម៌​សង្គម ការសម្លាប់​កម្មករ និង​សកម្មជន ជាដើម​។ ក្នុងនោះ ការទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ នាពេល​សព្វថ្ងៃ មិន​ទាំង​បាន​ផង ក៏​លោក​សមរង្ស៊ី បាន​ឯកភាព​តាម​នាយករដ្ឋមន្ត្រី ហ៊ុនសែន ទាំងអស់​។​

​គួរ​ជម្រាប​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឯកភាពគ្នា​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ថា​នឹង​ជំរុញ​ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ រដ្ឋសភា​ឲ្យ​បាន​ឆាប់ ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា និង​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ថា ការផ្ដួចផ្ដើម​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា និង​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា​នេះ គឺជា​ការស្នើ​របស់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពីព្រោះ​លោក​ថា លោក សម រង្ស៊ី ចង់​ពង្រឹង​តួនាទី​របស់​គណបក្សនយោបាយ​ដែល​មិនមែន​នៅក្នុង​រដ្ឋាភិបាល​ជា​ផ្លូវការ នោះ​មានន័យថា ត្រូវតែមាន​ការតែងតាំង​ជា​ផ្លូវការ​នូវ​ប្រធាន​គណបក្ស​ប្រជែង​ដើម្បី​ឲ្យ​គាត់​មាន​បុព្វសិទ្ធិ និង​តួនាទី​ក្នុងការ​បំពេញភារកិច្ច​តាមដាន​ការងារ​រដ្ឋាភិបាល​ប្រហាក់ប្រហែល​នឹង​នាយករដ្ឋមន្ត្រី​ដែរ​។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា នឹងមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី និង​មាន​តួនាទី​ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ទាក់​ទង់​នឹង​បញ្ហា​របស់​ប្រទេសជាតិ​។​

សម្រាប់​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់ឃើញថា ប្រសិនបើ​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ដំណាក់​ការបង្រួបបង្រួម​ជាតិ គេ​អាច​ប្រើប្រាស់​រូបភាព​នេះ​បាន ប៉ុន្តែ​លោក​ថា ដោយសារ​កម្ពុជា​បាន​ងើប​ផុតពី​ដំណាក់​ការបង្រួបបង្រួម​ជាតិ ឈាន​ចូលដល់​ដំណាក់​ការកសាង និង​ការពារជាតិ​ហើយ ដូច្នេះ​កម្ពុជា​មិនចាំបាច់​ត្រូវការ​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នោះទេ​។​

លោក​បន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការបង្កើត​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា គឺ​មិនចាំបាច់​នោះឡើយ ព្រោះ​លោក​ថា គណបក្សប្រឆាំង សព្វថ្ងៃ​មាន​សំឡេង​គ្រប់គ្រាន់​នៅក្នុង​សភា ដើម្បី​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​ដេញ ដោល​បាន គ្រប់ពេលវេលា​។ ផ្ទុយទៅវិញ​លោក​ថា ការបង្កើត​ក្រុម​ថ្មី​នេះ នឹងធ្វើ​ឲ្យ​បាត់បង់ អំណាចសភា ដែលមាន​ស្រាប់ និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ទៀតផង​។​

​លោក​បណ្ឌិត សុខ ទូច ក៏​យល់ឃើញ​ដែរ​ថា ការបង្កើត​ឲ្យ​មាន​ក្រុម​ថ្មី​នៅក្នុង​សភា​នេះ គឺ​ប្រៀបបាន​ទៅនឹង​ការបង្កើត​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ក្នុង​រដ្ឋធម្មនុញ្ញ​ដែលមាន​ស្រាប់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​រដ្ឋបាល​ក្នុង​សភា រឹត​តែមាន​ភាពអនាធិបតេយ្យ​ផងដែរ​៕

Untitled-1​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ថ្លែង​ទៅកាន់​អ្នកកាសែត​បន្ទាប់ពី​ប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៤