៖ជម្លោះក្នុងគ្រួសារបានបណ្តាលឲ្យស្ត្រីម្នាក់ ត្រូវបានប្តីអារកសម្លាប់នៅវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី០៩ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ សុខ សុឃិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាថៅកែម៉ាស្សានៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យមានឈ្មោះ ទុន ធាវី អាយុ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែបានបែកផ្លូវគ្នាអស់រយៈពេល២ខែមកហើយ។ បន្ទាប់មកជនសង្ស័យក៏បានសុំជនរងគ្រោះរួមរស់ជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រម ទើបធ្វើឲ្យជនសង្ស័យខឹង។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានលួចឡើងលើផ្ទះ ហើយហែកដំបូលចូលអារ-កសម្លាប់ជនរងគ្រោះចោលតែម្តង រួចក៏គេចខ្លួនបានស្រមោល។
ក្រោយមកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច្ច័យ រួចទំនាក់ទំនងទៅសាច់ញាតិឲ្យយកសពទៅធ្វើបុណ្យតាមប្រពៃណី៕