អង្គការ​លើកលែងទោស​រិះគន់​ការ​ទារុណកម្ម​​ក្នុង​គុក​នៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

​ស៊ី​រី​៖​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​អាជ្ញាធរ​ស៊ី​រី​កំពុង​ធ្វើ​ទារុណកម្ម “​ទ្រង់ទ្រាយ​ធំ​” ក្នុង​ពន្ធនាគារ​របស់​រដ្ឋាភិបាល​ដោយ​រួមមាន​ដូចជា​ការវាយដំ ការ​ឆក់​ខ្សែភ្លើង ការរំលោភ​សេពសន្ថវៈ​និង​ការរំលោភបំពាន​ផ្លូវចិត្ត​។​អង្គការ​នេះ​បាន​ចោទប្រកាន់ថា នេះ​គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​
​អង្គការ​ឃ្លាំមើល​មួយ​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា មនុស្ស​ជាង​១៧.៧០០​នាក់​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​បាន​ស្លាប់​ក្នុង​កន្លែង​ឃុំឃាំង​នៅ​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ជម្លោះ​របស់​ប្រទេស​នេះ​បានចាប់ផ្តើម​ក្នុង​ខែ​មិនា​ឆ្នាំ​២០១១​ដែលជា​មធ្យម​មាន​មនុស្ស​ជាង​៣០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ខែ​។​
​អ្នកណាម្នាក់​ដែល​គេ​មើលឃើញថា​ជា​គូប្រជែង​របស់​រដ្ឋាភិបាល​គឺ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឃុំខ្លួន ធ្វើ​ទារុណកម្ម​និង បាត់​ខ្លួន​ឬ​ស្លាប់​នៅក្នុង​កន្លែង​ឃុំឃាំង​។ នេះ​បើ​យោងតាម​អង្គការ​លើកលែងទោស​។​
​អង្គការ​នេះ​បាន​អះអាងថា របាយការណ៍​នេះ​គឺ​ផ្អែកលើ​បទសម្ភាសន៍​ជាមួយ​អ្នក​នៅរស់​ពី​ការធ្វើ​ទារុណកម្ម​ចំនួន​៦៥​នាក់​ដោយ​ភាគច្រើន​ជា​ជន​ស៊ីវិល​ដែល​បាន​រៀបរាប់​អំពី​ការរំលោភបំពាន​ដ៏​រន្ធត់​និង​លក្ខខណ្ឌ​ឃោរឃៅ​នៅក្នុង​មណ្ឌល​ឃុំឃាំង​របស់​ទីភ្នាក់ងារ​ចារកម្ម​និង​ពន្ធនាគារ​យោធា Saydnaya ដែល​ស្ថិតនៅ​ជិត​ដល់​ក្រុង​ដា​ម៉ាស​៕

2014113104556971734_20