អង្គការ​មូលនិធិ​កុមារ​ពិការ មាន​ចក្ខុវិស័យ​កែប្រែ​អនាគត​កុមារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ប្រធាន​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​ថ្លែងថា អង្គការ​នេះ ដែល​បាន​បង្កើតឡើង​អំឡុង ឆ្នាំ​២០០៧ មាន​គោលបំណង​លើកស្ទួយ​កុមារ​ឲ្យ​មាន​អនាគត​។​
​អង្គការ​មូលនិធិ​កុមារ​ពិការ សហការ​ជាមួយ​សាលា​អន្តរជាតិ ហ្គោល​ឌិន ថា​ម កាលពី​ថ្ងៃទី​២៨ ខែសីហា ម្សិល​ម៉ិ​ញ បានរៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មាតា បិតា និង អាណាព្យាបាល​សិស្ស​ក្នុង​ខេត្តក្រចេះ ដើម្បី​ចែករំលែក​បទពិសោធន៍ និង វិធីសាស្ដ្រ​ក្នុងការ​អប់រំ​កូន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង បុគ្គល​ឆ្នើម​នៅពេល​អនាគត ។​
​លោក គង់ វិ​ចិ​ត្រា ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ អង្គការ​មូលនិធិ​កុមារ​ពិការ បាន​បញ្ជាក់ថា អង្គការ​មូលនិធិ​កុមារ​ពិការ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ដោយមាន​គោលបំណង​សំខាន់ គឺ​ជួយ​គាំទ្រ ផ្ដល់​សិទ្ធិ និង លើកទឹកចិត្ត ផ្តល់​សុខុមាលភាព​ដល់​កុមារ និង​យុវជន​ពិការ​កម្រិត​ម​ធ្យ​ម និង ធ្ងន់ធ្ងរ​នៅ​កម្ពុជា ។​
​លោក បាន​បន្តថា បច្ចុប្បន្ននេះ អង្គការ​កំពុង​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពត និង ខេត្តក្រចេះ ក្នុង​គោលដៅ​ពង្រីក​សេវាកម្ម ដើម្បី​ជួយ​គាំទ្រ​ដល់​កុមារ និង យុវជន​ពិការ​នៅ​កម្ពុជា​តែម្ដង ។ ដោយ​លោក​សង្កេតឃើញថា សេវាកម្ម​សម្រាប់​កុមារ និង យុវជន​ពិការ​កម្រិត​មធ្យម និង ធ្ងន់ធ្ងរ នៅមាន​កង្វះខាត​នៅឡើយ បើសិនជា​ប្រៀប ធៀប​ទៅនឹង​សេវាកម្ម​ជួយ​គាំទ្រ​ជនពិការ​ទូទៅ ។ ដូច្នេះ អង្គការ​មូលនិធិ​កុមារ​ពិការ នឹង​បន្ត​ការពង្រីក​សេវា​នេះ​ឲ្យ​បាន​ទូទាំងប្រទេស ដោយមាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ ដូចជា អង្គការ​UNICEF ម្ចាស់ជំនួយ​នៅ​ប្រទេស​អាល្លឺម៉ង់ ហ្វាំ​ង​ឡង់ និង ប្រទេស​ស្វី​ស ។​
​លោក បាន​បន្តថា តាមរយៈ​តួលេខ​របស់​រាជរដ្ឋាភិបាល ជនពិការ មាន​ចំនួន​ពីរលាន​នាក់ នៅ​ទូទាំងប្រទេស នុង​នោះ​ប្រមាណ​៨​ម៉ឺន​នាក់ ស្នើ​នឹង​២០​ភាគរយ ជា​កុមារ និង យុវជន​ពិការ ឋិត​ក្រោម​អាយុ​២០​ឆ្នាំ ហើយ​សព្វថ្ងៃនេះ អង្គការ​បាន​ជួយ​គាំទ្រ​ដល់​កុមារ និង​យុវជន​ពិការ ជាង​បី​រយ​នាក់ នៅក្នុង​តំបន់​គោលដៅ​ទាំងបី ។​
​លោក សេង វណ្ណា​រិ​ទ្ធ អគ្គនាយក​សាលា​អន្តរជាតិ ហ្គោល​ឌិន ថា​ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​កន្លងមក លោក​តែងតែ​បានធ្វើ និង ចូលរួម​ក្នុង​ការងារ​សង្គម​ជាច្រើន ហើយ​លោក​នឹង​បន្តសកម្មភាព​នេះ​ជា​បន្ត ដោយ​ភាព​ស្រឡាញ់​កុមារ៕

unnamed (1)unnamed (2)unnamed