បើក​យុទ្ធនា​ការបិទ និង​ចែក​ស្ទីក​ឃើ​ចំណាំងផ្លាត​ជូន​ពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖នៅ​ព្រឹក​ថ្ងៃ​តី​២៩ ខែសីហា​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​ខេត្ត ក្រោម​វត្តមាន​លោក វ៉ា ថន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ និង​មានការ​ចូលរួម​ពី​មន្ត្រីនគរបាល​ចរាចរ​ផ្លូវគោក និង​អាជ្ញាធរ​ទាំង​៥​ស្រុក​-​ក្រុង​១ បាន​បើក​យុទ្ធនា​ការចែក ស្ទីក​ឃើ ចំណាំងផ្លាត​នៅពេល​យប់ ចំនួន ៣៥,៧៨២​សន្លឹក ជូន​ប្រជាពលរដ្ឋ និង​មាន​ការបិត​ផ្ទាល់​លើ​គោយន្ត ជិត ៩០​គ្រឿង និង​ម៉ូតូ ប្រមាណ​ជាង ១០០​គ្រឿង ដែល​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​នៅពេល​យប់​ផងដែរ ។​
​លោក វ៉ា ថន អភិបាលរង​ខេត្ត បាន​ប្រសាសន៍ថា សព្វថ្ងៃនេះ បងប្អូន​ប្រជាកសិករ ភាគច្រើន​បាន​ប្រើប្រាស់​គោយន្ត​កន្ត្រៃ ឬ​តា​ឡេ​ថង ដើម្បី​ធ្វើស្រែ​ចំការ និង​បើកបរ​លើផ្លូវ​សាធារណៈ ជាពិសេស​លើផ្លូវ​ជាតិ​តែម្តង ។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ ត្រូវយក​ស្ទីក​ឃើ ឬ​សន្លឹក​ចំណាំងផ្លាត​នៅពេល​យប់​នេះ ទៅ​បិទ​លើ​គោយន្ត ឬ​ទោចក្រយានយន្ត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជៀសវាង​បងប្អូន​ធ្វើដំណើរ​ពេលយប់​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​
​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​បញ្ជាក់ថា ដោយ​ទទួល​ស្ទីក​ឃើ ចំណាំងផ្លាត ពី​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លើ​ការគិតគូរ​ពី​សុវត្ថិភាព​ចរាចរ លោក បាន​សហការ​ជាមួយ​លោក​អភិបាលខេត្ត អាជ្ញាធរ​ក្រុង ស្រុក ឃុំ​/​សង្កាត់ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មក​ទទួល នៅពេលដែល​ក្រុ​មារ​ងារ​ចុះ​ចែក​ស្ទីក​ឃើ ឬ​សន្លឹក​ផ្ទាំង​ចំណាំងផ្លាត​សុវត្ថិភាព​សម្រាប់​មធ្យោបាយ កង់ ម៉ូតូ គោយន្ត​កន្ត្រៃ និង​រថយន្ត​កែ​ច​ច្នៃ​គ្រប់​ប្រភេទ ក្នុង​គោលបំណង់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​កើតឡើង​ជាយថាហេតុ​នៅពេល​យប់ ។​
​ដោយ​លោក បាន​លើកឡើងថា សព្វថ្ងៃនេះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង គឺមាន​រថយន្ត​កែច្នៃ និង​ទោចក្រយានយន្ត​មួយចំនួនធំ ដែល​គ្មាន​ចំណាំងផ្លាត​ពីក្រោយ ។ ដូច្នេះហើយ ទើប​សម្ដេច​តេ​ជោ ហ៊ុន សែន លោក​យល់ឃើញថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​នេះ គឺ​ត្រូវតែ​ផ្ដល់ជូន​ស្ទីក​ឃើ ឬ​សន្លឹក​ផ្ទាំង​ចំណាំងផ្លាត​សុវត្ថិភាព​នេះ ដល់​ម្ចាស់​យានយន្ត​នានា ដែល​ខ្វះ ដោយ​ឥតគិតថ្លៃ ។ យុទ្ធនាការ​នេះ មិនមែន​ធ្វើឡើង​តែ​ថ្ងៃនេះ ឬ​នៅ​កន្លែង​នេះ តែ​ប៉ុណ្ណ​នោះទេ គឺធ្វើឡើង​ជា​រៀងរាល់ថ្ងៃ នឹង​នៅ​គ្រប់​បណ្ដា​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ដែលមាន​ស្រុក​៥ និង​ក្រុង​១ ក្នុង​ខេត្តក្រចេះ​ទាំងមូល ។
​លោក បន្ដថា នៅពេលដែល​បងប្អូន​ទទួលបាន​ស្ទីក​ឃើ នេះហើយ ត្រូវ​ចេះ​ថែរក្សា ហើយ​បើ​មាន​ករណី​រហែក ឬ​របក ត្រូវសុំ​ពី​អាជ្ញាធរ​យក​បិត​បន្ថែម​ទៀត ។​
​លោក ស្រេង ស្រស់ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ សូមកុំ​បក​ស្ទីក​ឃើ​សុវត្ថិភាព ឬ​ចំណាំងផ្លាត​ពី​បង្គោល​សុវត្ថិភាព ដែល​ខាង​ក្រសួង និង​មន្ទីរ​បាន​បោះបង្គោល​នៅតាម​ដងផ្លូវ​នានា​តាម​បណ្ដាខេត្ត ដូចជា ខេត្តក្រចេះ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ ៕

unnamed (1)

unnamedunnamed (2)unnamed (3)