រថយន្ត២គ្រឿង​បុកបណ្តាល​ឲ្យ​មនុស្ស​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៧​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​រថយន្ត​តួ​រី​ស​ទេសចរណ៍ បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​ពេញទំហឹង ក្រឡាប់​ធ្លាក់​ប្រឡាយ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ក្រុង​ពោធិ៍សាត់ លោក ឈន រិ​ទ្ធ បាន​ឲ្យ​ដឹងថា រថយន្ត​តួ​រី​ស​ទេសចរណ៍ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-6204 បើក​ពី​កើ​តទៅ​លិច​ដោយសារ​អ្នកបើកបរ​ងងុយដេក​បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​៧​នាក់ ក្នុងនោះ​មាន​ប្រុស​៣​នាក់ ស្រី​៣​នាក់ និង​ក្មេង​តូច​ម្នាក់ ដែល​ជិះ​នៅក្នុង​រថយន្ត​តួ​រី​ស​ទេសចរណ៍​នោះ​។​លោក​អធិការ​បាន​បន្តថា មកដល់ពេលនេះ យើង​មិនទាន់​ដឹង​ពី អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ​។​
​បច្ចុប្បន្ន​ជង​រងគ្រោះ​ទាំង​៧​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ដោយឡែក​វត្ថុតាង​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ​៕

14212212_1652495935064771_2639256560268588160_n14102631_1652495888398109_67931417727750576_n14238317_1652495971731434_8955275876212194507_n