លោក ហ៊ុន សែន ៖ កម្ពុជា​គ្មាន​នាយក រដ្ឋមន្ត្រី​ ២​រូប​ នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2014 ក+ ក-

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ខែធ្នូនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិន មាន​នាយករដ្ឋមន្ត្រី​ពីរ​នោះទេ​។ ឋានៈ​ស្មើ​នាយក រដ្ឋមន្ត្រី​នេះ គឺ​គ្រាន់តែ​អ​សនៈ​ក្រម​សម្រាប់​ការរៀបចំ​ផ្នែក​ពិធីការ​ប៉ុណ្ណោះ​។​ការ​ថ្លែង​បញ្ជាក់​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដូចនេះ​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នៅ វិទ្យាស្ថាន​ជាតិ​អប់រំ​។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​បែបនេះ​ថា នៅ​កម្ពុជា​មិនមាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ​ពីររូប​នោះទេ ហើយ​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​ដែល​គ្រោង​នឹង​បង្កើតឡើង​នោះ​គ្មាន​សិទ្ធិអំណាច​ដូច​នាយករដ្ឋមន្ត្រី​នោះឡើយ​។ លោក​លើកឡើងថា ការបង្កើត​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​នេះ មិនមែន​សម្រាប់តែ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅក្នុង​រដ្ឋសភា​នៅពេលនេះ​នោះទេ «​ពីមុន​យើង​មាន​ក្រុមតំណាងរាស្ត្រ ក្នុង​មួយក្រុម​មាន​១០​នាក់​…​ទៅលើ​បញ្ហា​ប្រទេសជាតិ ហើយ​ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​»​។

លោក​ហ៊ុន សែន បាន​បញ្ជាក់ថា ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ គឺ​គ្រាន់តែ​អ​សនៈ​ក្រម​សម្រាប់​ការរៀបចំ​ផ្នែក​ពិធីការ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាចមក​បញ្ជា​ទ័ព បញ្ជា​រដ្ឋបាល ឫ​មិន​អាចមក​ចាត់ចែង​ការងារ​ជំនួស​នាយករដ្ឋមន្ត្រី​បាន​នោះទេ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៨ វិច្ឆិកា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ក្នុងការ​កែសម្រួល​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​ដោយ​ធ្វើ វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(​ពីរ​) ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា និង ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា​។ ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​នេះ នឹងមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដើម្បី​ជា​ដៃគូ​សន្ទនា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ​របស់​ប្រទេសជាតិ​៕ រដ្ឋា

Untitled-4                                 លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​