លោក ស៊ុន សុធា មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​កំពង់ស្ពឺ ដាក់​កុងត្រូល​យកប្រាក់​ពី​ឈ្មួញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

​កំពង់ស្ពឺ​៖​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ ដែល​ដឹកទំនិញ​មកពីណា​ក៏ដោយ​ឱ្យតែ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ពិសេស​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​តែម្តង មិនអាច​គេចផុត​ពី​ការតាមប្រមាញ់​របស់​ក្រុម​កូនចៅ​លោក ស៊ុន សុធា នេះឡើយ ទោះបី​ទំនិញ​ទាំងនោះ​មានច្បាប់ មាន​បង់ពន្ធ​គ្រប់​ក៏ដោយ ក៏ត្រូវ​បង់​សេវា​ឱ្យ​ក្រុមនគរបាល​របស់លោក ស៊ុន សុធា ផងដែរ​។​
​ប្រភពពី​ក្រុម​មន្ត្រីនគរបាល​ខាងលើ​បានឱ្យដឹង​ទៀតថា លោក ស៊ុន សុធា ធ្លាប់​ចុះទៅ​បំពេញការងារ នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តបាត់ដំបង ហើយ​ពេលនោះ​គាត់​ត្រូវ​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​រឿង​កៀរគរ​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ និង​ទំនិញគេចពន្ធ ឱ្យចូល​បង់លុយ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប និង​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​គោរព​អាជ្ញាធរខេត្ត​នោះឡើយ​។​
​តាម​សេចក្តីរាយការណ៍​ថា លោក ស៊ុន សុធា ប្រធាន​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ​(​បុ​ស្តិ៍ឧ​ត្តុ​ង​) និង​ផ្លូវជាតិ​លេខ​៤ កំពុងតែ​ប្រើ​អំណាច​ឥទ្ធិពល គ្របដណ្តប់​ទៅលើ​មន្ត្រីនគរបាល​របស់​ខេត្ត តាមរយៈ​នៃ ការដាក់​ពង្រាយ​កុងត្រូលជជុះ និង​ឱ្យ​កូនចៅ​ដេញ​បង្ក្រាប​ក្រុម​អ្នករកស៊ី ជម្រិត​យកលុយ​ជាជាង​ការស្វែងរក​បទល្មើស ។​
​ពេលនេះ​ចាប់តាំងពី​លោក ស៊ុន សុធា បានទទួល​លិខិត​បេសកកម្ម ជា​ប្រធាន​ក្រុមប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ប្រចាំ​ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ កាលពីដើម​ខែសីហា កន្លងទៅនេះ លោក ស៊ុន សុធា បាន​បែងចែក​កម្លាំង​ក្រោម​ឱវាទ​ទៅតាម​ជំនាញ ដើម្បី​ប្រមូល​លុយ យកមក​បង់​ជូន​គាត់ ហើយ​គាត់​ចាំ​ដេក​អេះ​ពោះ ប្រមូល​លុយដុំៗ​យ៉ាង​ត្រជាក់​មេជើង និង​យកទៅ​បង់​ជូន​ថ្នាក់លើ​បន្ត​ផងដែរ ។​
​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ឈើ និង​ទំនិញ តាមផ្លូវ​ជាតិ​លេខ​៥ ត្រូវតែ​ទំនាក់ទំនង ចូល​បង់លុយ​ឱ្យ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​របស់លោក ស៊ុន សុធា ដែល​ដាក់​ប៉ុស្តិ៍​នៅក្បែរ​ផ្សារ ឧដុង្គ​ផងដែរ ទៅតាម​តម្លៃ ដែល​ពួកគេ​បានកំណត់ មានដូចជា លុយ​ប្រចាំខែ ប្រចាំ​ជើង និង​លុយ​ថ្លៃ​បាយ យ៉ាងតិច​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល ចំពោះ​ទំនិញ​ស្របច្បាប់ បង់​ឱ្យទៅ​ក្រុមមន្ត្រី ដែល​ប្រចាំការ​តាម​ប៉ុស្តិ៍​ជជុះ​ទាំងនោះ​។ សម្រាប់​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ ប្រើប្រាស់​រថយន្ត​យី​ឌុប ទាំង​ខ្សែៗ ភាគច្រើន​ដឹកទំនិញ​គេចពន្ធ ឬ​ទំនិញ​ខុសច្បាប់ ត្រូវ​ទំនាក់ទំនង បង់លុយ​ដុំ​ជូន​លោក ស៊ុន សុធា តាមរយៈ​មន្ត្រី​ដែល​ឈរជើង​នៅតាម​ប៉ុស្តិ៍ ។ ហើយ​ក្រៅពីនេះ ក៏មាន​មន្ត្រីក្រោមឱវាទ​ច្រើន​ទៀត ដែលមាន​ជំនាញ​ស្ពាយ​កាតា​ប ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ តាម​ក្រុមហ៊ុន ឬ​តាម​ហាង​កាហ្វេ តាម​ផ្ទះ​ធ្វើ​អាជីវកម្ម​ជម្រិត​យកលុយ​ដោយ​គ្មាន​អៀនខ្មាស​អ្វី​ឡើយ​។​
​ពាក់ព័ន្ធ​ទៅនឹង​រឿងរ៉ាវ​ខ្សឹប​ខាងលើ​នេះដែរ ក្រុម​អ្នករកស៊ី​បាន​ខ្សឹបប្រាប់​មក​នាយ​ក្តាមប្រៃ​យើង​ឱ្យដឹង ផងដែរ​ថា ជា​រៀងរាល់ថ្ងៃ ក្រុម​អ្នករកស៊ី ដែល​បាន​ដឹកជញ្ជូន​ទំនិញ ទាំង​តូច​ទាំង​ធំ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ពី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង បាន​រអ៊ូរទាំ​ពី​សកម្មភាព​កោសរូស បង្ខំ​ឱ្យ​បង់លុយ ពី​សំណាក់​មន្ត្រី ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ក្រោម​ការ​ដឹកនាំ របស់លោក ស៊ុន សុធា ដែល​ឈរជើង នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ទូទាំង​ខេត្តកំពង់ស្ពឺ ពិសេស​ក្នុងស្រុក​ភ្នំស្រួច ដែល​ក្រុមប៉ូលិស​នេះ​បានដាក់​កំហិត ឱ្យ​ពួកគាត់​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត មិនអាច​សុំ​ចុះថ្លៃ​បានទេ ក្រោមលេស ធ្វើតាម​បញ្ជា របស់​មេ​ថ្មី (​លោក​ស៊ុន សុធា​)​។​
​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ដែល​អត់​ខ្សែ​បាន​និយាយថា លោៈក ស៊ុន សុធា​ដែល​ទទួលបាន​ការងារ​ត្រួតត្រា​អ្នករកស៊ី​ក្នុងតួនាទី​ជា​ប្រធាន ក្រុមប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ តាមផ្លូវ​ជាតិ​លេខ​៤​នេះ​គឺ​គាត់​បាន​ចាយ ចាយលុយ​ទិញយក លិខិត​បេសកកម្ម ពី​លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដើម្បី​បាន​ចុះ​បំពេញភារកិច្ច ។​ចឹ​ង​លោក​លោក ស៊ុន សុធា បានដាក់​ផែនការ​ឱ្យ​កូនចៅ ដែលមាន​ជំនាញ​ខាង​ចុះ​ប៉ុស្តិ៍ និង​ប្រដេញ​រថយន្ត​ដឹកទំនិញ​គ្រប់​សារពើ ពិសេស​ពី​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​។​
​ទោះជា​មានព​តិ​មាន​ចឹ​ង​ក៏ដោយ ក៏​គ្មាន​អ្នកណា​ហ៊ាន​ក្អក​ជាមួយ​ដែរ ព្រោះ​មាន​សេចក្តីរាយការណ៍​ថាៈ​លោក​វរសេនីយ៍ ស៊ុន សុធា ប្រធាន​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ គាត់ មាន​ខ្នងបង្អែក​រឹងមាំ ថ្នាក់​ឧបនាយក​រដ្ឋ​ម​ន្ត្ រី និង​មាន​ឪពុក​ជា​អ្នកតំណាងរាស្ត្រ​ផងដែរ ៕

unnamed