មេដឹកនាំ​ហ្វីលីពីន​ជេរប្រមាថ​លោក អូ​បា​ម៉ា កប់ៗ​មាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

​អាមេរិក​៖​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​អាមេរិក​លោក Barack Obama បាន​លុប ចោល​កិច្ចប្រជុំ​មួយ​ដែល​បានគ្រោង​ទុកជា​មួយ​មេដឹកនាំ​ប្រទេស​ហ្វីលីពីន​លោក Rodrigo Duterte បន្ទាប់ពី​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​របស់លោក​មួយ​នេះ​បាន​និយាយ​រិះគន់​ប្រឆាំងនឹង​លោក​។​
​លោក Duterte បាន​ជេរប្រមាថ​លោក Obama ខណៈដែល​លោក​បាន​សន្យាថា លោក​នឹងមិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​អាមេរិក​រូបនេះ​បង្រៀន​គាត់​អំពី​សិទ្ធិមនុស្ស​នោះទេ​។​
​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ Ned Price បាន​ថ្លែងថា “​លោក​ប្រធានាធិបតី Obama នឹងមិន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី Duterte នៃ​ប្រទេស​ហ្វីលីពីន​នៅ​រសៀល​នេះ​ទេ​ផ្ទុយទៅវិញ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​គឺ​លោកស្រី Park Geun-hye”​។​
​លោក Obama ត្រូវបាន​គេ​គិតថា​នឹង​បង្ហាញ​ពី​អំណាច​ដាក់​លោក Duterte នៅ​ថ្ងៃ​អង្គារ​ខណៈដែល​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​បាន​ដំណើរការ​ទៅ​នៅក្នុង​តំបន់​អាស៊ី​និង​ចំពេល​ដែល​ភាព​តានតឹង​កើនឡើង​ជុំវិញ​មហិច្ឆតា​ទឹកដី​របស់​ប្រទេស​ចិន​។​
​មេដឹកនាំ​ទាំងពីរ​នេះ​គ្រោង​នឹង​ជួបប្រជុំគ្នា​ក្នុងប្រទេស​ឡាវ​នៅឯ​ការជួបជុំ​មួយ​ដែល​រៀបចំ​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ក្នុងន័យ​ដើម្បី​ជំរុញ​ភាពសុខដុមរមនា​ដែលជា​ញឹកញាប់​តែងតែ​ត្រូវបាន​រំខាន​ដោយ​ជម្លោះ​ក្នុង​តំបន់​។​
​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ខ្លី​មុនពេល​ហោះហើរ​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍ លោក Duterte បានចាប់ផ្តើម​ជេរប្រមាថ​ដាក់​លោក Obama ។​
​លោក Duterte បាន​ប្រាប់ថា “​ខ្ញុំ​នឹងដាក់​បណ្តាសា​អ្នក​នៅក្នុង​វេទិកា​នោះ​” ។ លោក​បានលើកឡើង​បែបនេះ​ប្រាប់​អ្នកកាសែត​នៅពេលដែល​សួរ​អំពី​ផែនការ​របស់លោក Obama ដែល​ចង់​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សង្គ្រាម​លើ​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​២.៤០០​នាក់​ស្លាប់​។​
​គួរ​បញ្ជាក់ថា ជម្លោះ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​បានក្លាយ​ជាការ​ផ្តោតអារម្មណ៍​ដ៏​សំខាន់​ចាប់តាំងពី​លោក Duterte បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣០​ខែមិថុនា​៕

640_obama-and-duterte_2016_08_31_11_47_22