មូស្គូ៖យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះឲ្យដឹងថា អ្នកបើកឡាន ជំនាញ៤០ឆ្នាំ និងជាមនុស្សជំនិតរបស់លោកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមដងមហាវិថី នៃទីក្រុងម៉ូស្គូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
គ្រោះថ្នាក់នេះកើតឡើងអំឡុងពេលធ្វើដំណើរតាមក្បួនរថយន្តរបស់មន្ត្រីរុស្ស៊ី នៅទីក្រុងមូស្គូ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកញ្ញា គ្រាដែលរថយន្តលោក ពូទីន នៅពីមុខ គ្រាដែលរថយន្តដ៏ប្រណីតម៉ាក BMW កំពុងចល័តយ៉ាងលឿននោះ ស្រាប់តែមានរថយន្ត Mercedes មួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា បានរេចង្កូតចូលមកកាន់ផ្លូវរបស់ BMW បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។ តាមសេចក្តីរាយការណ៍ គឺលោក ពូទីន មិនបានស្ថិតនៅក្នុង រថយន្តមួយនោះឡើយ។
ប៉ូលិសរុស្ស៊ី បានអះអាងថា ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត ជាបន្តទៀតអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលមិនគួរនឹងកើតមានឡើងនេះ។ ដោយឡែកអ្នកបើកឡាន Mercedes វិញបានទទួលរងរបួស ធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទីក្រុងមូស្គូ៕