រាជធានីភ្នំពេញ៖ទោះបីជាករណីបំផ្ទុះគ្រាប់បែកមួយគ្រាប់ កាលពីយប់មិញ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ហើយមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាឬចាប់ជនល្មើសបាន ប៉ុន្តែសាធារណមតិភាគច្រើនលើកឡើងថា ការបំផ្ទុះគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិកនោះ គឺជាគម្រោងការណ៍នៃការធ្វើឲ្យកើតមានចលាចលឬបំភិតបំភ័យមុនពេលសវនាការលើសំណុំរឿងលោក កឹម សុខា នឹងមកដល់នៅថ្ងៃទី០៩ ខែកញ្ញានេះ ។
ភ្លាមៗ នោះ នៅព្រឹកថ្ងៃពុធនេះ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានប្រញ៉ាប់ប្រញ៉ាល់ ថ្លែងអះអាងជាសាធារណៈថា ភាគី CNRP បើទ្វារចំហររងចាំការចរចាជាមួយបក្សកាន់អំណាច ( CPP ) ទោះបីជាបក្សកាន់អំណាចមិនទាន់បង្ហាញតម្រុយណាមួយក៏ដោយ ដើម្បីដោះស្រាយនយោបាយនៅកម្ពុជា ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ ។
ការថ្លែងរបស់មន្ត្រី CNRP ហាក់វាជួនគ្នាពេកទៅនឹងការបំផ្ទុះគ្រាប់បែកមួយគ្រាប់កណ្តាលក្រុងភ្នំពេញ ខណដែលសាធារណមតិគិតទៅដល់នយោបាយវ៉ៃគំរាមមុនចរចាក្រោយ ទើបមានប្រសិទ្ធិភាព ដែលភាគីជម្លោះនៅកម្ពុជា តែងតែប្រើកន្លងទៅ ។
យ៉ាងណាក៏ដោយ គេមិនអាចសន្និដ្ឋានថា អ្នកណានៅពីក្រោយករណីបំផ្ទុះគ្រាប់បែកនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ដើម្បីស្វែងរកភស្តុតាង និងឈានទៅកំណត់មុខសញ្ញា និងចាប់ខ្លួនជនដៃដល់ ។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់មុនហើយថា គ្រាប់បែកដែលគេបំផ្ទុះនោះគឺផលិតនៅសហរដ្ឋអាមេរិក ។ ចំណែកសាធារណមតិលើកឡើងថា ការបំផ្ទុះគ្រាប់បែកនោះគឺ នៅមុនពេលដែលតុលាការ នឹងបើកសវនការកាត់ទោសលោក កឹម សុខា នៅថ្ងៃទី០៩កញ្ញានេះ ព្រមទាំងជាមួយការប្រកាសរបស់ CNRP ឲ្យអ្នកគាំទ្រូចូលមកភ្នំពេញ ឲ្យបានច្រើន ដើម្បីជួយលោក កឹម សុខា ផងដែរ ៕