រាជធានីភ្នំពេញ៖ទោះបីជាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ កំពុងតែបំផុសឲ្យមានភាពជ្រួលច្របល់ និងបំផ្ទុះកំហឹងដល់អ្នកគាំទ្រ ទាក់ទងការប្រឈមមុខនឹងតុលាការរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រហូតមានការអះអាងថា តុលាការនឹងចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញានេះ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចេញមុខមកអះអាងថា សំណុំរឿងលោក កឹម សុខា មិនទាន់ឈានដល់ការចាប់ខ្លួននោះទេ ។
ផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗ នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា នឹងគ្មានការចាប់ខ្លួនលោក កឹម សុខា ដូចការព្រួយបារម្ភរបស់មនុស្សមួយចំនួននោះឡើយ បើទោះបីសាលក្រមនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សម្រេចផ្តន្ទាទោសរូបលោកក៏ដោយចុះ ។
លោក គឹម សន្តិភាព បានថ្លែងអះអាងថា តាមអ្វីដែលយើងបានដឹងនោះ នៅពេលនេះ លោក កឹម សុខា ស្ថិតក្នុងឋានៈជាជនជាប់ចោទ ក្នងបទចោទ «បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល»។ ហេតុនេះនៅពេលជំនុំជម្រះ ជាគោលការណ៍តុលាការមិនអាចសម្រេចផ្តន្ទាទោសលើសពីកម្រិតទោស ដែលបានកំណត់ក្នុងច្បាប់នោះឡើយ។ ចឹងករណីនេះជនជាប់ចោទអាចត្រូវបានតុលាការសម្រេចផ្តន្ទាទោសក្នុងចន្លោះពី១ខែ ទៅ ៦ខែតែប៉ុណ្ណោះ ។
លោក គឹម សន្តិភាព បានបញ្ជាក់ថា បើតុលាការសម្រេចផ្តន្ទាទោសរយៈពេលក្រោម ១ឆ្នាំបែបនេះ យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការមិនអាចចេញនូវសេចក្តីសម្រេចពិសេសណាមួយទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេ ទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទក្នុងពេលសវនាការនោះក៏ដោយ ។ លោកបន្តថា ប្រសិនបើតុលាការចេញប្រកាសសាលក្រមនៅថ្ងៃ៩ ខាងមុខ សម្រេចអំពីការផ្តន្ទាទោសលើជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះពុំទាន់ចូលជាស្ថាពរនៅឡើយ ដែលមិនអាចអនុវត្តភ្លាមបាននោះទេ គឺលុះណាតែសាលក្រមចូលជាស្ថាពរ ទើបតុលាការអាចអនុវត្តសេចក្តីសម្រេច ដែលបានកំណត់តាមសាលក្រមស្ថាពរនេះ ។
លោក គឹម សន្តិភាព បានលើកយកមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ជាក់ថា ក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការសាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីថ្ងៃប្រកាសសាលក្រម ។ ប៉ុន្តែបើក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីពេលទទួលដំណឹងអំពីសាលក្រម ។
ទាក់ទងករណីលោក កឹម សុខា នេះ មន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្មានថ្ងៃនេះ បានរៀបចំជើងព្រួយយ៉ាងរឹងមាំ ដើម្បីការពារលោក កឹម សុខា ព្រោះតែខ្លាចតុលាការចេញដីកាចាប់ខ្លួនលោក កឹម សុខា ។ ទន្ទឹមនោះនៅទីស្នាក់ការ CNRP គេឃើញមានអ្នកគាំទ្របានមកជាបន្តបន្ទាប់តាមការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ៕