ប៉ាគីស្ថាន៖ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រភ្លើងបុកពីរខ្សែបុកគ្នានៅស្រុក Multan ស្ថិតនៅចំកណ្តាល ប្រទេសប៉ាគីស្ថានបានកើនឡើងដល់០៦នាក់ហើយ ខណៈដែល១៥០នាក់ផ្សេងទៀតរង។ នេះបើតាម ការផ្សាយពីសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសភាគច្រើន ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ លោកបន្តថា ការបុកគ្នាបានបណ្តាលឲ្យ ក្បាលរថភ្លើងមួយខ្ទាតចេញពីផ្លូវដែក និងទូររថភ្លើងចំនួន បួនក៏បានរមាលធ្លាក់ចេញពី ផ្លូវដូចគ្នាដែរ។
មន្ត្រីដដែលបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរ បានធ្វើដំណើរពីទីក្រុង Peshawar ភាគពាយ័ព្យឆ្ពោះទៅទីក្រុង Karachi នៃភាគខាងត្បូងប្រទេស បានបុកនឹងរថភ្លើង ដឹកទំនិញដែលទើបតែធ្វើដំណើរបាន ១៥នាទី ប៉ុណ្ណោះចេញពីស្ថានីយ Multan ស្ថិតនៅក្នុងស្រុក Multan នៃខេត្ត Punjab៕