មន្ត្រី​អគ្គិសនី​កម្ពុជា​រង​ការចោទប្រកាន់​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​ភ្លើង​រដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​ក្នុង​មួយឆ្នាំៗ​រ​ដ្ធ​បាន​ខាតបង់​ថវិការ​ជាតិ​ខ្ទង់លាន​ដុល្លា​ពី​ការ​លួច​យក​ភ្លើង​របស់រ​ដ្ធ​ទៅ​បំរើអោយ​សេវា​ឯកជន ដែល​ទង្វើ​នេះ​គឺជា​អំពើពុករលួយ​មាន លក្ខ​ណះ​ជា​ប្រព័ន្ធ​។​
​បើតាម​ប្រភពពី​ប្រជា​ពលរ​ដ្ធ​រស់នៅក្នុង​ខណ្ឌឫស្សីកែវ​និង​ព្រែក​ព្នៅ​និយាយថា បច្ចុប្បន្ន​ភ្លើង​រដ្ឋ​នៅក្នុង​ខណ្ឌ​ទាំងពីរ​ខាងលើនេះ ត្រូវបាន​មន្ត្រី​អគ្គស​នី​ឃុបឃិត​គ្នា​លួច​យកទៅ​ផ្គត់ផ្គង់​សេវា​ឯកជន​អោយ​ឈ្មួញ​ផលិត​ទឹកកក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​
​ប្រជាពលរដ្ឋ​បាន​អះអាងថា នៅក្នុង​ខណ្ឌឫស្សីកែវ និង​ព្រែក​ព្នៅ​មាន​ទីតាំង​ផលិត​ទឹកកក​ចំនួន​៣​កន្លែង​ធំៗ​ជា​របស់​ឈ្មួញ​មួយរូប​(​សូម​លាក់​ឈ្មោះ​សិន​) ដែល​គេ​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​ក្នុងការ​លួច​ភ្លើង​រដ្ឋ​យកទៅ​ប្រើប្រាស់​ខុសច្បាប់ ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​អគ្គិសនី​ប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​ប្រពន្ធ និង​មានឈ្មោះ កែវ រតនា ជាម​ន្ត្រី​PM ដែល​ត្រូវជា​ប្អូនបង្កើត​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ផងដែរ ។ នេះ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​។​
​ប្រភព​ដដែល​បន្តថា ទីតាំង​ផលិត​ទឹកកក​ទាំង​៣​កន្លែង​ខាងលើ​ធ្លាប់​ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​អគ្គិសនី​ចុះ បង្ក្រាប​ជាច្រើន​ដង​មកហើយ​នាពេល​កន្លងទៅ ប៉ុន្តែ​រហូតដល់​ពេលនេះ​សិប្បកម្ម​ទឹកកក​ខាងលើ​នៅតែ​អាច​ដំណើការ​បាន​យ៉ាង​រលូន​ដដែល​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ក្នុងនោះ​មាន​ទីតាំង​ផលិត​ទឹកកក​មួយកន្លែង​នៅ​ម្តុំ​ខាងលិច​ផ្សារ​ព្រែក​ព្នៅ ត្រូវបាន​ខាង​មន្ត្រី​អគ្គិសនី​ក្រោម​ការគ្រប់គ្រង​ដឹកនាំ​ដោយ​លោក កែវ រតនៈ ជា​អគ្គនាយក​យក​ត្រង់​ហ្វូ​រ​ភ្លើង​ទៅ​ដាក់​ផ្ទាល់ដៃ​នៅក្នុង​ដីឡូត៍​ទីតាំង​ផលិត​ទឹកកក​នោះ​តែម្តង​ជាហេតុ​ធ្វើអោយ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មានការ​សង្ស័យថា អាចជា​ការឃុបឃិត​គ្នា​រវាង​មន្ត្រី​អគ្គិសនី ហើយ​និង​ឈ្មួញ​ឯកជន​ដើម្បី​លួច​ប្រើប្រាស់​ភ្លើង​របស់​រដ្ឋ​ខុសច្បាប់ ជាហេតុ​ធ្វើអោយ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។​
​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ​ដែរ លោក កែវ រតនា ដែល​ប្រភព​អះអាងថា​គឺជា​មន្ត្រី​PM និង​ត្រូវជា​ប្អូនប្រុស​បង្កើត​លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ដែល​ធ្វើជា​ខ្នងបង្អែក​អោយ​ឈ្មួញ​ទឹកកក​ខាងលើ​នោះ មិនទាន់​អាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​។​
​ដោយឡែក​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ព្រោះ​ទូរស័ព្ទ​របស់លោក​មិនអាច​ទទួល​ការហៅ​ចូល​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​នឹង​ស្វាគមន៍​គ្រប់ពេលវេលា​បើសិនជា​មានការ​បកស្រាយ​ណាមួយ​។ ចំពោះ​ព័ត៌មាន​បន្ថែម​និង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​ទៀត​៕

download