ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖លោកយាយ លោកតាវ័យ៦០ឆ្នាំ រស់នៅពីរនាក់ប្ដីប្រពន្ធ បានដង្ហោយរកសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្បុរសជនឲ្យជួយក្រោយផ្ទះនិងទ្រព្យសម្បត្តិរបស់គាត់ ត្រូវអគ្គិភ័យឆាប់ឆេះអស់ខ្ទេចខ្ទីគ្មានសល់។
ផ្ទះឈើ ជញ្ជាំងក្តា ប្រកសង្កសី មានទំហំ៦គុណ១២មែត្រ ដែលមានលក់បាយម្ហូប កម្មង់មួយខ្នង ក្នុងចំណោមផ្ទះជាច្រើនខ្នង នៅម្តុំផ្ទះក្រហមជាប់ផ្លូវជាតិលេខ៧ ក្នុងភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានរងការឆេះហ្មតក្នុងអណ្តាតភ្លើង យ៉ាងសន្ធាសន្ធៅបង្កឲ្យមានការផ្ញាក់ផ្អើលទាំងព្រឹក។
ករណីអគី្គភ័យឆេះផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង៨ និង១០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ផ្តើមមកពីផ្ទុះកំប៉ុងហ្គាស នៅពេលម្ចាស់ផ្ទះចំអិនម្ហូបលក់ខ្វះការប្រុងប្រយ័ត្ន។ ម្ចាស់ផ្ទះឈ្មោះ អ៊ិត កឺ ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះ ម៉ែន អឿន អាយុ ៦០ឆ្នាំ ពីរនាក់ប្តីប្រពន្ធរស់នៅចំណុចកើតហេតុខាងលើ និងមានមុខរបរជាម្ចាស់ផ្ទះលក់បាយម្ហូបកម្មង់ ។
ជាមួយនិងមហន្តរាយគ្រោះអគ្គិភ័យនេះ ត្រូវបានម្ចាស់លំនៅឋានឈ្មោះ អិត កឺ អាយុ ៥៥ឆ្នាំ និងប្រពន្ឋឈ្មោះ ម៉ែន អឿន អាយុ៦០ឆ្នាំ បានប្រាប់នគរបាលថា មូលហេតុដែលឆាបឆេះបណ្តាលមកពី ការផ្ទុះកំប៉ុងហ្គាស ខណៈដែលរូបគាត់ជាម្ចាស់ផ្ទះបានចំអិនម្ហូបទុកចោល ជាប់រវល់ទទួលភ្ញៀវ និងបានផ្ទុះឆាបឆេះជាមួយនិងប៊ីដុងសាំងជាច្រើនដបដែលស្តុកទុកសម្រាប់លក់នៅក្បែរនោះ ។
អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ទោចាន់ សុគីម បានបញ្ជាក់ថា គ្រោះអគ្គីភ័យនេះមិនបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ប៉ុន្តែផ្ទះមួយខ្នងទំហំ ៦គុណ១២ម៉ែត្រ ម៉ូតូ ប្រាក់រៀលចំនួន២លានរៀល, ប្រាក់ដុល្លាចំនួន៤ពាន់ដុល្លារ, សម្ភារៈប្រើប្រាស់ផ្សេង២ទៀត ត្រូវបានឆេះអស់ទាំងស្រុង ។
លោកអធិការបានឲ្យដឹងទៀតថា នៅជុំវិញករណីគ្រោះអគ្គិភ័យនេះ នគរបាលបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យររបស់អធិការដ្ឋានស្រុកស្នួល និងអធិការដ្ឋាននគរបាល ស្រុកចិត្របុរី ប្រើប្រាស់រថយន្ត៣គ្រឿងធំៗ និងប្រើប្រាស់ទឹកចំនួន៥ឡាន ដើម្បីបាញ់ពន្លត់ ទប់ស្កាត់មិនឲ្យមានការឆាបឆេះរាលដាល ៕