កម្លាំង​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់ CPP ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កម្លាំង​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក កឹម សុខា ប្រសិនបើ​សេចក្តីសម្រេច ចុងក្រោយ​របស់​តុលាការ​កំពូល ដោយ​តម្កល់​សាលក្រម​របស់​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ទុកជាបានការ​ដដែល​នេះ​។​
​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែង​ដូច្នេះ ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ផែនការ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សាលក្រម​របស់ តុលាការ ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់លោក កឹម សុខា ដែល​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​រយៈពេល​៥​ខែ និង​ពិន័យ​៨០​ម៉ឺន​រៀល​។​
​លោក សុខ ឥសាន បាន​បញ្ជាក់ថា «​តាមផ្លូវ​ច្បាប់​ប្រសិនបើ​តុលាការ​កំពូល និង​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម របស់​សាលាដំបូង​បិទផ្លូវ​តវ៉ា ពេលនោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការណ៍​ចាប់ខ្លួន​លោក កឹម សុខា​, ហើយ​ប្រសិនបើ​មានការ​ប្រឆាំង​តវ៉ា​នោះ រាជរដ្ឋាភិបាល​នឹងមិន នៅ​ស្ងៀម​នោះទេ នឹងធ្វើ​ការបង្ក្រាប​ហើយ​។​
​អ្នកនាំពាក្យ CPP ដដែល​បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​បំផ្លាញ​ខ្មែរក្រហម​ឲ្យ​រលំរលាយ​បាន ទាំង​អង្គការ​យោធា និង​អង្គការ​នយោបាយ ចុះ​ទម្រាំ​បាតុកម្ម​ប៉ុណ្ណឹង​ធ្វើ​មិនបាន​យ៉ាង​មិច​នោះ ៕

photo_2016-01-27_13-10-563107