ភ្នំពេញ៖សំណង់ឃ្លាំងស្តុកទំនិញមួយកន្លែងដែលទំហំ៤០គុណ ៧០ម៉ែត្រដំបូលឆ្អឹងដែកត្រូវបានបាក់ស្រុតចុះមកដី តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយគេសង្ស័យថា ការសាងសាងនេះអាចមិនមានច្បាប់សាងសង់ឡើង បានជាសាងសង់ខុសលក្ខណៈបច្ចេកទេស បណ្តាលឲ្យបាក់ស្រុតបែបនេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមក្រុមកម្មករសាងសង់បាននិយាយថា សំណង់នេះទទឹង៤០ម៉ែត្រ បណ្តោយ៧០ម៉ែត្រ សង់ឡើងអំពីដែក ប្រក់ស័ង្កសី ដែលក្នុងគម្រោងធ្វើឃ្លាំងសម្រាប់ស្តុកទំនិញផ្សេងៗគ្រប់ប្រភេទ។ ប៉ុន្តែក្រុមកម្មករមិនបានប្រាប់ថាម្ចាស់សំណង់ខាងលើឈ្មោះអ្វីឡើយ ដោយសារពួកគាត់មកពីឆ្ងាយ។
ប្រជាពលរដ្ឋនៅក្បែរសំណង់នេះបាននិយាយថា សំណង់មួយនេះ គឺអ្នកសាងសង់មិនគិតពីហាននិភ័យនោះ ដោយគេបានធ្វើដំបូលគងលើរបងព្រំមិនបានទុកគម្លាតត្រឹមត្រូវនោះឡើយ ដោយសាតតែការសាងសង់បែបនេះទើបប្រជាពលរដ្ឋមានការសង្ស័យថា ការ សាងសង់នេះប្រហែលជាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះឡើយ ព្រោះបើមានច្បាប់នោះម្ចាស់សំណង់នេះនិងយល់ពីការសាងសង់ហើយ។
បើយោងតាមមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យបានបង្ហើបឲ្យដឹងថា សំណង់ខាងលើនោះ កំពុងតែរត់ច្បាប់ចូលទៅសាលារាជធានី ហើយខណៈរត់ច្បាប់នោះម្ចាស់ក៏ចាប់សាងសង់ជាបណ្តើៗទៅ។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនោះអ្នកយកព័ត៌មានមិនអាចទំនាក់ទំនងជាមួយម្ចាស់សំនេះបានឡើយ៕
បាក់ស្រុតដំបូលឃ្លាំងសំណាងល្អមិនមានអ្នករងរបួស