រាជធានីភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ឆ្នាំនេះ ត្រូវតែរៀបចំពិធីបុណ្យអុំទូក បើទោះបីជាទឹកតិចក៏ដោយ ។ ការបញ្ជាក់របស់សម្តេចធ្វើឡើងក្នុងឱកាសដែលសម្តេចចូលរួមក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
សម្តេចបានលើកឡើងថា តាមការព្យាករណ៍ឆ្នាំនេះ ទឹកមានលក្ខណៈល្អជាងឆ្នាំមុន ។ ដូច្នេះត្រូវតែរៀបចំពិធីបុណ្យអុំទូក មិនផ្អាកទៀតនោះទេ ។
នាឱកាសនោះសម្តេចក៏សុំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំពិចារណាឡើងវិញ អំពីគោលការណ៍ដែលអនុញ្ញាតិឲ្យសិស្សជាប់បាក់ឌុប និទ្ទេស A,B,C ជាប់ក្របខណ្ឌគ្រូជាស្វ័យប្រវត្តិ ព្រោះកន្លងមកមានសិស្សតវ៉ាច្រើនថា គោលការណ៍នេះ វាអយុត្តធម៌សម្រាប់សិស្សជាប់និទ្ទេស D និង E ដែលចង់ចូលក្របខណ្ឌគ្រូដូចគ្នា ។ ដូច្នេះតើត្រូវរៀបចំឲ្យប្រឡងទាំងអស់គ្នាឬយ៉ាងណា ?៕