តា​កូ​ម៉ា​បុករបង​ស្ថានីយទូរទស្សន៍ ទទក ធ្លាយពីម្ខាងទៅម្ខាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក តា​កូ​ម៉ា​បោះពួយ​យ៉ាង​លឿន​ជ្រុល​បុក​របង​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ពេញទំហឹង​បណ្ដាល​ឲ្យ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​រង​ការខូចខាត​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ត្រង់ចំណុច​របង​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3840 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លួ​វ​ខាងលើ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ តែដោយសារ​ម្ចាស់​រថយន្ត​ស្រវឹង លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវបត់​វាង តែ​រថយន្ត​មិនបាន​បត់​វាង​ខាងឆ្វេង​ឡើយ គឺ​ទៅ​ត្រង់​ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ទៅបុក​របង​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បណ្ដាល​ឲ្យ​ធ្លាយ​របង​ម្ខាង​ទៅ​ម្ខាង​។​
​ក្រោយពេល​កើតហេតុ រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ហើយ​នៅជាប់​ក្នុង​របង​ខាងលើ​ទៅមុខ​លែងរួច ចំណែកឯ​របង​ខាងលើ​វិញ​គឺ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ​គេ​ឃើញ​ម្ចាស់​រថយន្ត​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​បង្ក​ខាងលើ​ទាំង​សភាព​រងរបួស​ស្រាល​តែប៉ុណ្ណោះ​។​
​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ ដើម្បី​ប្រគល់​ឲ្យ​ទៅខាង​សមត្ថកិច្ច​ចរាចរណ៍​របស់​ស្នងការ​រាជធានី​យកទៅ​ធ្វើ​កំណត់ហេតុ ចំនែកឯ​រថយន្ត​ក៏ត្រូវ​បាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕

f0403120-9d28-4537-b9cf-8dce3514611ce6ef1e53-debf-4d15-88a1-c2f01929df59