ខេត្តកណ្តាល៖យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅខាងមុខផ្ទះបញ្ចប់បញ្ហា ព្រោះតែគ្មាន លុយចូលស្ដីដណ្ដឹងកូនស្រីគេខ្លួនស្រលាញ់ ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
យុវជនរងគ្រោះឈ្មោះ ឆាំ ធារ៉ា អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ។ ក្រោយពីការពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។
ប្រភពពីអ្នកជិតខាងបានបង្ហើបឲ្យដឹងថា យុវជនខាងលើចងកសម្លាប់ខ្លួនដោយសារតូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ព្រោះប៉ុន្មានថ្ងៃមុនពេលស្លាប់នោះ គេធ្លាប់ប្រាប់អ្នកជិតខាងថា គេស្រឡាញ់កូនគេម្នាក់នៅក្នុងភូមិ ប៉ុន្តែមិនដឹងបានលុយពីណាមកដណ្តឹង ដោយសារជីវភាពគ្រួសារក្រីក្រ ដូច្នេះរហូតដល់ជនរងគ្រោះចងកសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើលតែម្តងទៅ។
ប្រភពបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានដើរចេញបាត់ពីផ្ទះមួយថ្ងៃ មិនដឹងទៅណាដល់ម៉ោងកើតហេតុ ក្រោយពីរាំងភ្លៀងឪពុកជនរងគ្រោះ បានបញ្ចាំងភ្លើងពិល ពីលើផ្ទះស្រាប់តែឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ នៅដើមសង្កែមុខផ្ទះ រួចបានរាយការណ៍ឲ្យនគរបាលចុះមកពិនិត្យសាកសព ភ្លាមនោះដែរកម្លាំងជំនាញ បច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន ចុះពិនិត្យសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន៕