ខេត្តបន្ទាយមានជ័យ៖កម្មករខ្មែរចំនួន៦នាក់ ត្រូវបានកម្លាំងយោធាថៃ សហការជាមួយនឹង ក្រុមតម្រួតថៃតាមប្រមាញ់ នឹងឃាត់ខ្លួនបាន ខណៈដែលពួកគេ កំពុងជិះក្នុងរថយន្ត ដែលដឹកឈើក្រញូង បម្រុងលោតឆ័ត្រមកកាន់ ព្រំដែនកម្ពុជានាខេត្តស្រះកែវ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ ដែលបានប្រាប់យោធាខ្មែរ បានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាពរបស់ស្ថានីយតម្រួតថៃប្រចាំខេត្ត ប្រាជីនបុរី បានទទួលព័ត៌មានមួយពី សំណាក់ទាហានជួរមុខតាមបន្ទាត់ព្រំដែន ស្តីពីការដឹកឈើក្រញូងរបស់រថយន្ត ចំនួន ៣គ្រឿង ដែលកំពុងបើកបរតាមបណ្តោយ ផ្លូវសុវណ្ណាខន ឆ្ពោះទៅកាន់ខេត្តស្រះកែវ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងបានបោះដៃ ទាក់ទង ទៅកាន់ស្ថានីយ៍តម្រួតខ្លងមី ប្រចាំស្រុកមឿង ខេត្តស្រះកែវ ដើម្បីដាក់បារ៉ាស់ស្កាត់ មិនអោយរថយន្តនេះគេចបាន ព្រមទាំងបានផ្តល់សញ្ញា អោយរថយន្តទាំង ៣គ្រឿងនេះ ឈប់ដើម្បីធ្វើការត្រួតពិនិត្យ នៅត្រង់ចំណុចខាងមុខ មន្ទីរពេទ្យវឌ្ឍនាណាក់ខន ។
ផ្ទុយទៅវិញ គឺមានរថយន្តមួយគ្រឿង ក្នុងចំណោមរថយន្តទាំង ៣គ្រឿងនោះ ម៉ាក Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៧៣៦៩ បានបើករត់ដោយបានបំពាន ទៅលើបារ៉ាស់ ដែលក្រុមតម្រួតដាក់កាត់ផ្លូវ ធ្វើអោយកង់រថយន្តត្រូវបែកមិនអាចបើកបរទៅមុខទៀតបាន ទើបអ្នកបើកបរដ៏វ័យក្មេង និងទើបតែមានអាយុ ១៨ឆ្នាំ បានបើកទ្វារអោយកម្មករខ្មែរចំនួន៦នាក់ ដែលជិះនៅក្នុងរថយន្ត រត់គេចខ្លួនតែមិនអាចគេខផុតបានទេ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួន បានទាំងអស់លើកលែងតែ អ្នកបើកបររថយន្តចំនួន ពីរគ្រឿងដែលឈប់ សំចតត្រឹមត្រូវនោះ បានរត់គេចខ្លួន បាត់ស្រមោល ។
ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ ក្រុមតម្រួតបានយកត្រាក់ទ័រ មកអូសយករថយន្ត ដែលបែកកង់ទៅកាន់ស្ថានីយ៍ តម្រួតខេត្តស្រះកែវ ព្រមទាំងបានពិនិត្យឃើញថា រថយន្ត ទាំងនេះមានផ្ទុកឈើគ្រញូង សរុបមានចំនួន ៣៣ កំណាត់ ដោយអ្នកបើកបរវ័យក្មេង រូបនោះបានសារភាពថា ការដឹកឈើគ្រញូងនេះគឺខ្លួនគ្រាន់តែជាអ្នកសុីឈ្នួលបើករថយន្ត អោយថៅកែធំ ដែលជាឈ្មួញឈើតែប៉ុណ្ណោះ គឺបានទទួលកម្រៃក្នុងមួយជើង ១មុឺនបាត ចំណែកកម្មករខ្មែរទាំង៦នាក់ ក៏ជាអ្នកសុីឈ្នួលចូលទៅក្នុង តំបន់ហាមឃាត់ដើម្បីកាប់ឈើ ក្រញូងនោះដែរ ដើម្បីទទួលបានប្រាក់ បន្តិចបន្ទួចគ្រាន់ចិញ្ចឹមជីវិត។
បច្ចុប្បន្នកម្មករខ្មែរទាំង ៦នាក់ ត្រូវបានក្រុមតម្រួតថៃ ប្រគល់ទៅអោយជំនាញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕