ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងលិច​ឥណ្ឌូណេស៊ី​ស្លាប់ និង​របួស​៤០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

ហ្សា​ការ​តា​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១០​នាក់​បាន​ស្លាប់បាត់​បងជីវិត និង​៣០​នាក់​ផ្សេងទៀត​រង​ប​រួស ខណៈ​៣​នាក់​បាត់​ខ្លួន ក្នុង​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី​វាយ​ប​ប្រហារ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​។​
​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយធម្មជាតិ​លោក Sutopo Purwo Nugroho បាន​ឲ្យ​ដឹងថា ខេត្ត West Java ដែល​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី បាន​រង​ការវាយប្រហារ​ដោយ គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី តាំងពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយបាន​បន្សល់ទុក មនុស្ស​ស្លាប់​ចំនួន​១០​នាក់ រងរបួស​៣០​នាក់ និង​បីនាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ខណៈ​ជាច្រើន​នាក់ ត្រូវបាន​ជម្លៀស​ខ្លួន​ចេញទៅ​កាន់​ទី​សុវត្ថិភាព​។
​លោក​បញ្ជាក់ថា គ្រោះទឹកជំនន់​កើតឡើង​នៅ​ម៉ោង​ប្រហែល ១ និង​០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ (​ម៉ោង​ក្នុង​ទីក្រុង​ហ្សា​ការ​តា​) នៅតាម​ទីតាំង​មួយចំនួន​ក្នុង​សង្កាត់ Garut បន្ទាប់ពី​ទន្លេ​ចំនួន​ពីរ នៅក្បែរនោះ​ត្រូវបាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ហើយ​មនុស្ស​ចំនួន​០៨​នាក់​បាន​បាត់​បង់ជីវិត រួម​ជាមួយនឹង​ជនរងគ្រោះ​៣០​នាក់​ទៀត បានទទួល​រងរបួស និង ម្នាក់ទៀត​បាន​បាត់​ខ្លួន​ទៅតាម​ទឹក​ហូរ​។​
​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌូនេស៊ី តែង​ទទួលរង​ការវាយប្រហារ​ដោយ គ្រោះទឹកជំនន់​និង​ការ​រអិល​បាក់​ដី ធ្ងន់ធ្ងរ​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕

jakarta-flood-feb-2015