​ឃុំខ្លួន​ឪពុកម្ដាយ ថោង សារ៉ាត់ នៅ​គុក​ព្រៃ​ស ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2014 ក+ ក-

​ភ្នំពេញ​៖ កាលពី​វេ​ល​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ សាលាដំបូង​រាជធានី ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ឪពុក ម្តាយ លោក​ថោង សារ៉ាត់ ពីបទ​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​ខុសច្បាប់ ចំណែក​ប្អូនប្រុស​បង្កើត និង​ប្រពន្ធ​ទី​២​របស់ ថោង សារ៉ាត់ ត្រូវបាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។​

អ្នកយកព័ត៌មាន​បាន​រាយការណ៍​ថា កាលពី​ព្រឹក​មិញ​នេះ ប្អូនប្រុស​បង្កើត និង​ប្រពន្ធ​ទី​២ របស់លោក​ថោង សារ៉ាត់ ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដូច​ធម្មតា​។​ចំណែក ឪពុក និង​ម្ដាយ របស់ ថោង សារ៉ាត់ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កញ្ញា វ៉ា សក្កដា បានធ្វើការ​ចោទប្រកាន់​ពីបទ​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​ខុសច្បាប់ យោងតាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ត្រូវ​លោក ស្វាយ តុញ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​គុក​ព្រៃ​ស កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ​នេះ​។​

ប្រភព​បន្តថា ខណៈ​រៀប​ឡើង​ជិះ​រថយន្ត​ទៅ​ពន្ធនាគារ​ព្រៃ​ស ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​និយាយ​នៅមុខ​អ្នកកាសែត​ថា​” ខ្ញុំ​សុំ​អភ័យទោស​ចំពោះ​ការប្រើ​ពាក្យសម្តី​មិន​សមរម្យ​មួយចំនួន​នៅ ក្នុង​សន្និសីទកាសែត​កាលពីពេល​ថ្មីៗ​នេះ​ទៅលើ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយសារតែ​អ្នកស្រី​ខឹង​ខ្លាំងពេក​”​។​

ជនជាប់ចោទ​ទាំង​២​នាក់​រួមមាន ១.​ថោង ចំរើន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ២.​កែវ សារី ហៅ ចែ​ហាយ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ដែល​ត្រូវជា​ឪពុកម្តាយ ថោង សារ៉ាត់​។​ដោយឡែក​ជនសង្ស័យ​២​នាក់​ទៀត ១.​ឈ្មោះ ថោង បូ​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២.​ឈ្មោះ ទាវ ធីតា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវជា​ប្អូន និង​ភរិយា​ទី​២ ជនជាប់ចោទ​ថោង សារ៉ាត់ ត្រូវបាន​ដោះលែង បន្ទាប់ពី​សមត្ថកិច្ច​ស៊ើបអង្កេត​ស្រាវជ្រាវ​មិនបាន​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ខាងលើនេះ​។​

​យោងតាម​បញ្ញត្ត​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​ជនជាប់ចោទ​ទាំង​២​នាក់ ខាងលើនេះ នឹងត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​លាន ទៅ​៦​លាន​រៀល ប្រសិនបើ​តុលាការ​រកឃើញថា ជនជាប់ចោទ​ទាំង​២​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តំណាង​អយ្យការ​៕ សមិទ្ធ

Untitled-1

 

 

 

 

​ថោង ចំរើន និង​កែវ សារី ហៅ ចែ​ហាយ​ ឪពុក និង​ម្ដាយ​របស់ ថោង សារ៉ាត់

Untitled-1