**ឧកញ៉ា ថោង សារ៉ាត់ ជានរណា ?
ភ្នំពេញ៖ ក្រោយពីមានការឃាត់ខ្លួនក្រុមគ្រួ សាររបស់លោក ថោង សារ៉ាត់ ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ រួចមក មានអ្នកធ្លាប់ស្គាល់ជិតដិតជាមួយក្រុមគ្រួសារលោក ថោង សារ៉ាត់ បានលើកឡើងត្រួសៗពីប្រវត្តិរបស់គ្រួសារនេះ។ទោះជាយ៉ាងណា លោកថោង សារ៉ាត គឺជាមនុស្ស ចុងក្រោយតែម្នាក់គត់ដែលសមត្ថកិចត្រូវនាំមកឲ្យលាតត្រដាងពីអាថ៌កំបាំងនៅពីក្រោយអំពើឃាតកម្មដែលឈានដល់បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ។
មុនការលើកឡើងពីប្រវត្តិគ្រួសារលោកថោង សារ៉ាត់ គេក៏បានសម្តែងការភ្ញាក់ផ្អើលខណៈបានឃើញការបង្ហាញខ្លួនជាសាធារណៈក្នុងសន្និសីទកាសែតដែលម្តាយ ឪពុករបស់លោក ថោង សារ៉ាត់ និយាយភាសាខ្មែរមិនច្បាស់នោះ គឺអ្នកស្រី កែវ សារី ហៅ ចែហាយ មានងារជាជំទាវ និងមានតួនាទីជាទីប្រឹក្សានៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទៀតផង។ព័ត៌មានខ្លះទៀតបានអះអាងថា អ្នកស្រី កែវ សារី ហៅ ចែហាយ នៅមានតួនាទី និងឋានន្តរស័ក្តិជាវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) នៅក្រសួងការពារជាតិ ដែលមានប្តីឈ្មោះ តាំង សុខ ហៅ ថោង ចំរើន ក៏ជានាយទាហានមួយរូបដែរ។ចំណែកឧកញ៉ា ថោង សារ៉ាត់ ក៏ឋានន្តរស័ក្តិផ្កាយពីរនៅលើស្មាក្នុងសម្លៀកបំពាក់ជាយោធាដែរ ប៉ុន្តែថ្មីៗនេះត្រូវបានអង្គភាប ង៧០ ប្រកាសបដិសេធថា លោកថោ សារ៉ាត់ ត្រូវបានបញ្ឈប់ពីការងារជាងដប់ឆ្នាំកន្លងមកហើយ។
គេនៅចាំបានថា កាលពីពាក់កណ្តាលឆ្នាំ២០០០ ប្រជាពលរដ្ឋនៅខេត្តកណ្តាល ពិសេសអ្នកក្រុងតាខ្មៅបានផ្អើលឆោឡោពីព័ត៌មានចែកដី ដែលបានរៀបចំឱ្យដោយបុគ្គល ថោង សារ៉ាត់ ដោយម្នាក់ៗនាំគ្នាពពាក់ពពូនទៅចុះឈ្មោះដើម្បីបានដី។ ពេលនោះមានបញ្ហាជាច្រើនបានកើតមានឡើង គឺមិនមែនជាការចែកដីឱ្យទទេនោះទេ តែជាការចែកការពារផ្ទៃដីមានជម្លោះ ហើយក្រោយមកក៏ស្ងាត់វិញទៅ។
លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះល្បីនៅកម្ពុជា នាទស្សវត្សឆ្នាំ៩០និង២០០០ ខណៈពេលលោកបង្កើតរោងចក្រផលិតសាច់ប៉ាត់តេ៩៩៩ និង សង់ផ្ទះល្វែងលក់ រហូតឈានទៅសង់បុរី៩៩៩លក់ថែមទៀត។
ព័ត៌មានពីអ្នកធ្លាប់រកស៊ីជាមួយក្រុមគ្រួសាររបស់លោកឧកញ៉ា ថោង សារ៉ាត់ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យដឹងថា លោក ថោង សារ៉ាត់ មានឈ្មោះដើម «ទឹង» មានស្រុកកំណើតនៅសង្កាត់ចាក់អង្រែ ក្រុងភ្នំពេញ នាឆ្នាំ១៩៧៩ ខណៈពេលកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជា ដើម្បីបណ្តេញពួកខ្មែរក្រហម។ គិតពីឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០១៤ «ទឹង» មានអាយុប្រហែល៣៥ឆ្នាំហើយ។
«ទឹង» មានឳពុកឈ្មោះ តាំង សុខ ហៅ ថោង ចំរើន អាយុ៦៥ឆ្នាំ និង ម្តាយឈ្មោះ កែវ សារី ហៅចែហាយ អាយុ៥៥ឆ្នាំ (មិនស្គាល់ឈ្មោះវៀតណាម) អ្នកទាំង២ត្រូវក្រុមអាជីវករមួយចំនួនអះអាងថាមានដើមកំណើត នៅវៀតណាម តែ សាមីខ្លួនអះអាងថា មានដើមកំណើតនៅស្រុកភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ឆ្នាំ១៩៧៩ លោក តាំង សុខ ជាជំនាញការវៀតណាម ប្រចាំក្រសួងការពារជាតិ។ ក្រោយពេលកងទ័ពវៀតណាមដកចេញពីកម្ពុជា ក្រុមគ្រួសារលោក តាំង សុខ មិនវិលត្រឡប់ទៅវៀតណាមវិញនោះទេ។
ប្រភពបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ នៅពេល «ទឹង» មានអាយុ២១ឆ្នាំ «ទឹង» និងឪពុករបស់គាត់បានទិញកប៉ាល់ដ៏ធំមួយដែលឆេះខូចក្នុងសម័យសង្គ្រាម ហើយត្រូវបានគេអូសឡើងគោក នៅម្តុំខាងត្បូងសណ្ឋាគារកាំបូឌីយ៉ាណា។ ដែកអេតចាយកប៉ាល់ត្រូវបានកាត់ជាផ្ទាំងៗលក់ទៅប្រទេសវៀតណាម។ ក្រោយពីលក់អេតចាយកប៉ាល់ ក្រុមគ្រួសារ អាទិន ចាប់ផ្តើមសល់លុយ ហើយចាប់ផ្តើមដើរទិញដែករថក្រោះនិងរថយន្តដែលឆេះ ឬ ខូចក្នុងសម័យសង្គ្រាម ដែលនៅរាយប៉ាយនៅទូទាំងប្រទេស។
ប្រភពបន្តថា បន្ទាប់ពីសល់លុយដ៏ច្រើន គ្រួសារ«ទឹង» បានពង្រីកមុខរបរដោយបង្កើតសិប្បកម្មផលិតសាច់ប៉ាត់តេ៩៩៩ នៅអំឡុងឆ្នាំ១៩៩៦ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយមក«ទឹង» បានចាប់ផ្តើមសង់ផ្ទះល្វែងលក់ដែលដំបូងបំផុតធ្វើនៅសង្កាត់បឹងទំពុន។ ការសង់ផ្ទះល្វែង មានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋនៅទីនោះក៏កើតមានការតវ៉ាជាច្រើន លើកតែត្រូវបានដោះស្រាយតាមរយៈប្រព័ន្ធតុលាការ និងអាជ្ញាធរមូលដ្ឋាន។
នៅអំឡុងឆ្នាំ២០០៦ និង ២០០៧ «ទឹង» ឬលោក ថោង សារ៉ាត់ ត្រូវបានឡើងជាឧកញ៉ា និងមានតួនាទីមួយទៀតជានាយទាហាននៅអង្គភាពកងពលលេខ៧០ មានឋានន្តរស័ក្តិជាវរៈសេនីយ៍ទោ (ស័ក្តិ៤កន្លះ)។ រយៈពេល៧ឆ្នាំក្រោយមក«ទឹង»ឬលោក ថោង សារ៉ាត់ បានឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ (ផ្កាយ២) រួមនិងគោរមងារជាឧកញ៉ាផងដែរ។
ក្រោយពីឡើងឋានន្តរស័ក្តិ និងមានងារជាឧកញ៉ាផងមក លោកឧកញ៉ា ថោង សារ៉ាត់ បានពង្រីកមុខរបរសង់បុរី៩៩៩ ចំនួន ២កន្លែងធំៗ គឺនៅសង្កាត់បឹងទំពុន និងនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ជាប់វត្តចាក់អង្រែក្រោម) នៅបុរីចាក់អង្រែ ក៏មានបណ្តឹងតវ៉ាពីប្រជាពលរដ្ឋ និងព្រសង្ឃនៅទីនោះដែរ។ លោក ថោង សារ៉ាត់ កំពុងតែពង្រីកសាខាបុរី៩៩៩ពីរកន្លែងទៀត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមផ្លូវជាតិលេខ១ និង ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ប៉ុន្តែអកុសលឥឡូវនេះ លោកឧកញ៉ា ថោង សារ៉ាត់ បានក្លាយជាជនសង្ស័យថាជាមេខ្លោងក្នុងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយកំពុងរត់គេចខ្លួន ខណៈអង្គរក្សរបស់លោក៤នាក់ ដែលពាក់ព័ន្ធការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវតុលាការចោទប្រកាន់ពីបទ «មនុស្សឃាតគិតទុកជាមុន»។ អង្ករក្សទាំង៤នាក់បានសារភាពថា «ការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ គឺជាថ្នូរបានផ្ទះម្នាក់មួយល្វែង និងលុយមួយចំនួនពីលោក ថោង សារ៉ាត់។
ពីរថ្ងៃបន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួន អ្នកជាប់ពាក់ពន្ធ៤នាក់ថែមទៀត ក្នុងនោះមានទាំង ឪពុក ម្តាយ ថោង សារ៉ាត់ ប្អូនប្រុស និងភរិយាយទី២ ថោង សារ៉ាត់ បន្ថែមទៀត ដោយចោទពីបទ «រក្សាទុកអាវុធខុសច្បាប់» ហើយរហូតមកព្រឹកថ្ងៃ៧ ខែធ្នូ តុលាការបានដោះលែងប្អូនប្រុស និងភរិយាទី២ របស់លោក ថោង សារ៉ាត់ ឲ្យមានសេរីភាពវិញ។ប៉ុន្តែតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនឪពុកម្តាយលោកថោង សារ៉ាត់ នៅគុកព្រៃស ពីបទកាន់កាប់រក្សាទុកអាវុធខុសច្បាប់។
មូលហេតុពិតនៃការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ រហូតមកដល់ពេនេះនៅពុំទាន់មានប្រភព ណាចេញមកបញ្ជាក់នៅឡើយទេ។ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនគេបានលេចឮថា ការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ដោយសារលោកឧកញ៉ា ថោង សារ៉ាត់ ខឹងលោកឧកញ៉ា អ៊ឹង ម៉េងជឺ តាមទារលុយជំពាក់មួយលានដុល្លារអាមេរិកញឹកញាប់ពេក។ រហូតលោកឧកញ៉ា ថោង សារ៉ាត់ បានបញ្ជាឲ្យក្រុមអង្គរក្សរបស់លោក៤នាក់ ទៅបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ដែលជាថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និងជាម្ចាស់ហាងលក់គ្រឿងអលង្ការយីហោហុងកុង កាលពីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះពីរថយន្តដើរទៅទិញផ្លែឈើនៅខាងលិចពហុកីឡដ្ឋានជាតិអូរឡាំពិកតែម្តង។
បើទោះបីជាមានព័ត៌មានយ៉ាងនេះក្តី ប៉ុន្តែការពិតនៅពីក្រោយអំពើឃាតកម្មដ៏សាហាវលើអ្នកជំនួញ ខ្នាតធំកណ្តាលទីក្រុងដូចខាងលើ លុះត្រាតែលោក ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួន ព្រោះលោកថោង សារ៉ាត់ គឺជាមនុស្សចុងក្រោយតែម្នាក់គត់ដែលត្រូវបើកវាំងននខ្មៅដ៏អាថ៍កំបាំងនេះ៕ វិសុទ្ធ