យន្តហោះ​គ្មាន​មនុស្ស​បើក ផ្ទុះ​ធ្លា​ក់នៅ​​តំបន់​ប្រាសាទព្រះវិហារ​ទៀតហើយ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2014 ក+ ក-

ព្រះវិហារ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​វេលា​ម៉ោង​១០ និង​៤៥ នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ដោយសារតែមាន​សំឡេង​ផ្ទុះ​ឮ​យ៉ាងខ្លាំង​ដែល​គេ​សង្ស័យ​ជា​យន្តហោះ​បញ្ជា​គ្មាន អ្នកបើកបរ​បាន​ផ្ទុះ​ធ្លាក់​នៅ​បរិវេណ​តំបន់​ប្រាសាទព្រះវិហារ​។​

​ក្រោយ​ហេតុការណ៍​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទព្រះវិហារ បាន​ចាត់​កម្លាំង ចុះ​ត្រួតពិនិត្យ​ភ្លាមៗ និង​រកឃើញ​បំណែក​លោហធាតុ​យន្តហោះ​ចំនួន ២​បំណែក នៅតាម​ផ្លូវ​ទៅ ត្រពាំង​ប្រាសាទ និង​តំបន់​ស្វាយជ្រុំ​។ មន្ត្រី​យោធា​មិនទាន់​បញ្ជាក់​លំអិត​ជុំវិញ​ហេតុការណ៍​នេះ​នៅ ឡើយ​ទេ ហើយក៏​មិនទាន់​ទាក់ទង​សាកសួរ​ព័ត៌មាន​ពី​ភាគី​ថៃ​នោះដែរ​។​

​មកដល់​វេលា​ម៉ោង​១១ និង​០៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំងយោធា ដែល​ប្រចាំការ​នៅ​ចំណុច​ប្រាសាទព្រះវិហារ បាន​រកឃើញ​បំណែក​យន្តហោះ​ដែល​ផ្ទុះ​ធ្លាក់​ចំនួន​២​កន្លែង ដោយ​មួយកន្លែង​រកឃើញ​នៅ​ចំណុច​ជិត​អង្គការ​អេដស៍ ស្ថិត​ក្នុងភូមិ​កន្ទួត ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​មួយកន្លែង​ទៀត​ត្រូវបាន​កម្លាំងយោធា​រកឃើញ​នៅ​ចំណុច ភូមិ​ស្វាយជ្រុំ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត​។​

គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិត​នៃ​ការផ្ទុះ​ធ្លាក់​យន្តហោះ​នេះ​នៅឡើយ​ទេ ហើយក៏​មិនទាន់​ដឹងថា​យន្តហោះ​ដែល​ផ្ទុះ​ធ្លាក់​ខាងលើនេះ​ជា​យន្តហោះ​ផលិត​នៅ​ប្រទេស​ណា​ដែរ ពេលនេះ​អាជ្ញាធរ​កំពុងតែធ្វើការ​ពិនិត្យ និង​ស្វែងរក​បំណែក​យន្តហោះ​នោះ​ជា​បន្តទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា ការធ្លាក់​យន្តហោះ​បញ្ជា​ដោយ​គ្មាន​មនុស្ស​បើក​នៅ​តំបន់​ព្រំដែន​កម្ពុជា ថៃ បានកើត​មាន​ពីរ​បី​លើក​កន្លង​រួចមកហើយ ប៉ុន្តែ​សមត្ថកិច្ច​ប្រទេស​កម្ពុជា​មិនដែលបាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះទេ​៕

Untitled-1           សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​

​បំណែក​យន្តហោះ​

​បំណែក​យន្តហោះ​