បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រួមភេទ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​បាន​រហូត​១៦​លើក និង​ធ្វើការ​បញ្ជូន​បន្តទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦​។
លោក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន​បានបញ្ជាក់​ប្រាប់ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ ឃុន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ​ស្នាក់នៅ​ភូមិ ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។
លោក​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​យោងទៅតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ង៉ែ​ង យ៉ា​ត់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ជា​ម្តាយ​ជនរងគ្រោះ និង​តាម​ដីកា​លេខ​១៣៦​ចុះ​ទី​០៤ ខែតុលា ឆ្នាំ​២០១៦​របស់​សាលាដំបូង​ខេត្តតាកែវ​ពីបទ​ឃាតកម្ម​គឹ​ត​ទុកជាមុន​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​រលួស ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។
ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​បាន​១៦​លើក​ពិតប្រាកដ​មែន និង​បាន​កាប់សំលាប់​ទៅលើ​ឈ្មោះ ស៊ុ​ក នៅ ខេត្តតាកែវ​ផងដែរ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦​ដោយ​ភ្ជាប់​ទៅជា​មួយ និង​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​៕

untitled-1