ព័ត៌មាន​ស្តីពី​ស្ដ្រី​ខ្មែរ២នាក់​យកប្តីនៅ​ចិន និង​ពលរដ្ឋ​ខ្មែរ៣៣នាក់​ត្រៀម​វិនិច្ឆ័យ​ទោស​នៅ​ថៃ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2014 ក+ ក-

ភ្នំពេញ​៖​ស្ត្រី​ខ្មែរ​២​នាក់​ដែល​ត្រូវ​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​ប្តី​ចិន​បាន​បដិសេដ​មិន​សហការ​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ស៊ៀ​ង​ហៃ​ទេ ដោយ​អះអាងថា ពួកគេ​នឹង​ដោះស្រាយ​ការលែង​លះ​ជាមួយ​ប្តី និង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដោយ​ខ្លួនឯង​។​ចំណែក​ពលរដ្ឋ​ខ្មែរ​៣៣​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃុំខ្លួន​នៅ​ខេត្ត​ស្រះកែវ ខាង​ភាគី​កម្ពុជា​បាន​រក​មេធាវី​សម្រាប់​ការ​ក្តី​ដល់​ពួកគេ​រួចហើយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា លោក កុយ គួ​ង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៤​នេះ​ថា ករណី​ស្ដ្រី​ខ្មែរ​២​នាក់​មាន​ប្តី​នៅ​ប្រទេស​ចិន​គេ​មិនបាន​មករក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ​ទេ គឺ​ពួកគាត់​បែរជា​គេច​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន និង​ដោះស្រាយ​ការ​លែងលះ​ជាមួយ​ប្ដី​ចិន ហើយ​ត្រឡប់មក​កម្ពុជា​វិញ​ដោយ​ខ្លួនឯង​។​

គួរ​បញ្ជាក់ថា ស្ដ្រី​ខ្មែរ ២​នាក់ ម្នាក់​ឈ្មោះ ឃ្លោក រ័ត្ន និង​ម្នាក់ទៀត​ឈ្មោះ ម៉ៅ សារឿន មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ដូចគ្នា ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ ខេត្ត​ហ្សែ​ជាំ​ង (Zhejiang) ប្រទេស​ចិន បានមក​ដល់​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ឲ្យ​ស្ថានទូត​ជួយ​ដោះស្រាយ​ការលែង​លះ និង​បញ្ជូនមក​កម្ពុជា​វិញ តែ​ដោយ​ខេត្ត​ហ្សែ​ជាំ​ង ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង សៀង​ហៃ នគរបាល​ចិន បាន​តម្រូវ​ឲ្យ​ដោះស្រាយ​ករណីនេះ នៅ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ​វិញ​។ ដូច្នេះ​ស្ថានទូត​កម្ពុជា បាន​សម្រួល​បញ្ជូន​ពួកគាត់​មក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង សៀង​ហៃ ដើម្បី​ដោះស្រាយ ក៏ប៉ុន្តែ​ក្នុងពេល​ធ្វើដំណើរ ស្រី្ដ​ខ្មែរ​ទាំងពីរ​នាក់​នេះ មិន​បានមក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​សៀង​ហៃ​ទេ ពួកគាត់​បែរជា​គេច​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​ទៅវិញ​។ ទោះបី មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​បាន​ខិតខំ​ទាក់ទង​ពួកគាត់​តាម​ទូរស័ព្ទ ក៏ដោយ ក៏​ពួកគាត់​មិន​ព្រម​មក​ស្ថាន​អគ្គ​កុងស៊ុល​ដែរ​។ ស្ដ្រី​ខ្មែរ​ទាំងពីរ​នាក់​នេះ បាន​ប្រាប់​អគ្គ​កុងស៊ុល​ថា ពួកគាត់​នឹង​ដោះស្រាយ​ការលែង​លះ​ជាមួយ​ប្ដី​ចិន ហើយ​ត្រឡប់មក​កម្ពុជា​វិញ ដោយ​ខ្លួនឯង​។​

ពលរដ្ឋ​ខ្មែរ​ចំនួន ៣៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤​នោះ ពួកគេ​មាន​អាយុ​ចាប់ពី​១៧​ឆ្នាំ ដល់ ៤២​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង សៀមរាប កំពត បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​។​បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​បាន​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​៣៣​នាក់ នៅ​ខេត្ត​ស្រះកែវ ជាបណ្ដោះ អាសន្នដើម្បី​រង់ចាំ​ឡើង​តុលាការ ខណៈដែល​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ បា​នរក​មេធាវី​សម្រាប់​ជួយ​ការពារ​ក្ដី​ដល់​ពួកគាត់​រួចហើយ​៕

​​-----------           ស្រ្តីខ្មែរពេលវិលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ