ដោយ៖ប៉ែន សុផល
បាត់ដំបង៖បទល្មើសនេសាទយ៉ាងអនាធិបតេយ្យកើតមានពេញបន្ទុកនៅតាមដងទន្លេពិសេសចំណុចឃុំព្រៃចាស់ ស្រុកឯកភ្នំ មន្ត្រីជំនាញជលផលមិនបង្ក្រាបនាំគ្នាសម្ងំហាក់ដូចត្រូវថ្នាំសណ្តំ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកឯកភ្នំបានបង្ហើបអោយដឹងថា បទល្មើសនេសាទនៅតែកើតមានយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេពិសេសនៅចំណុចឃុំព្រៃចាស់ ស្រុកឯកភ្នំ ដោយជនខិលខូចមួយចំនួនធំបានប្រើឧបករណ៍នេសាទខុសច្បាប់ដែលប្រមុខរាជរាជរដ្ឋាភិបាលបានហាមឃាត់ដូចជារបាំងស្បៃអួនក្រឡាល្អិតរាប់រយរាប់ពាន់ម៉ែត្រយកមកដាក់ជាការបំផ្លាញនូវពូជមច្ឆាជាតិមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់ចុះទៅក្បែរឬបង្ក្រាបឡើយ ការដែលពួកគាត់រកស៊ីដាក់ជាលក្ខណៈគ្រួសារដប់ម្ភៃម៉ែត្រមន្ត្រីជំនាញទាំងអស់នោះបានចុះទៅកាប់កញ្ច្រាំភ្លាម។
ប្រភពបន្តទៀតថា មន្ត្រីជំនាញទាំងអស់នោះធ្វើបាបតែប្រជាពលរដ្ឋដែលនេសាទជាលក្ខណៈគ្រួសារ ដប់ម្ភៃម៉ែត្រចំណែកជនខិលខូចមួយចំនួនធំដែលជាអ្នកមានលុយ មានអំណាចប្រើប្រាស់ឧបករណ៍ស្បៃអួនក្រឡាញឹករាប់រយរាប់ពាន់ម៉ែត្រមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះបែជាមានការឃុបឃិតធ្វើមើលមិនឃើញទាល់តែសោះ។
ពាក់ព័ន្ធទៅនឹងករណីលើកឡើងខាងលើ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានយើងនៅព្រឹកថ្ងៃទី១១ ខែតុលានេះថា ពេលនេះលោកកំពុងតែដឹកនាំកម្លាំងចុះទៅធ្វើការបង្ក្រាបជាបន្ដបន្ទាប់ហើយដោយសារកម្លាំងរបស់លោកពេលនេះមានតិចហើយផ្ទៃដីដែលត្រូវចុះមានទំហំធំរហូតទៅដល់ជាង២០ម៉ឺនហិកតា ហើយម្យ៉ាងវិញទៀតពេលចុះទៅម្តងមានការចំណាយលុយច្រើន តែរយៈពេលពីរទៅបីថ្ងៃទៀតលោកនិងដឹកនាំកម្លាំងចុះទៅបង្ក្រាបដល់ចំណុចខាងលើនេះហើយ៕
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកឯកភ្នំមន្ត្រីជំនាញមិនបង្ក្រាប