ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅតាមបណ្ដាសង្កាត់មួយចំនួនដូចជា សង្កាត់ស្ទឹងមានជ័យ សង្កាត់ចាក់អង្រែលើ សង្កាត់អង្រែក្រោម និងសង្កាត់បឹងទំពុន នៃខណ្ឌមានជ័យ បានរិះគន់ថា អធិការនគរបាលខណ្ឌមានជ័យថា មិនសូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម លួចឆក់ប្លន់ បទល្មើសចែកចាយជួញដូរប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងនោះទេ។
ហេតុនេះហើយទើបបទល្មើសជួញដូរចែកចាយគ្រឿងញៀននៅផ្លូវ៦០ម៉ែត្រ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ កើតឡើងឥតឈប់ឈរហើយក្នុងសង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុនជាដើមដែលមាន ល្បែងស៊ីសងគ្រប់ប្រភេទដូចជា កន្ទុយលេខ បៀអាប៉ោង ភ្នាល់បាល់ទាត់ និងល្បែងតាមប្រព័ន្ធអ៊ីនធឺណេត រាលដាលកាន់តែខ្លាំង។
ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក៏បានអំពាវនាវឲ្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការពង្រឹងសន្តិសុខក្នុងខណ្ឌមានជ័យជាបន្ទាន់ ព្រោះមួយរយៈពេលកន្លងទៅនេះករណីចោរឆក់ ចោរប្លន់ប្រដាប់អាវុធ និងចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិបានកើតឡើងឥតឈប់ឈរ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ៕