មនុស្ស​២១​នាក់​ស្លាប់ក្នុងគ្រោះទឹកជំនន់​នៅ​​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

ហាណូយ​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​២១​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​គ្រោះទឹកជំនន់​នៅក្នុង​ខេត្ត​ចំនួន​បួន ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ធ្វើ​ឲ្យ​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត បង់​លំនៅដ្ឋាន​។​
​សេចក្តីថ្លែងការណ៍ ដែល​ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹងថា គ្រោះទឹកជំនន់ ដែល​បង្កឡើង​ដោយសារតែ ការធ្លាក់​ភ្លៀង​យ៉ាង​ជោគជាំ តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ មក​នោះ បាន​កាត់ផ្តាច់​ស្បៀងអាហារ​ផ្គត់ផ្គង់ ទៅកាន់​ប្រជាពលរដ្ឋ​វៀតណាម​រាប់ពាន់នាក់ និង​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់ ចរាចរណ៍​ពី​ទិស​ខាងជើង ទៅកាន់​ខាងត្បូង​ប្រទេស​ទៀតផង​។​
​សារព័ត៌មាន​ដដែល​បន្តថា មនុស្ស​ចំនួន​០៧​នាក់ បាន​លង់ទឹក​និង​ឆក់​ចរន្តអគ្គិសនី​ស្លាប់ នៅក្នុង​ខេត្ត Quang Binj និង​បួន​នាក់​ទៀត បាន​បាត់បង់​ជីវិត​របស់​ពួកគេ នៅក្នុង​ខេត្ត​ចំនួន​បី​ផ្សេងទៀត ដែល​នៅក្បែរនោះ ចំណែកឯ​លំនៅឋាន​យ៉ាងហោចណាស់ ៣០,០០០​ខ្នង ត្រូវបាន​ជន់​លិច​ដោយសារតែ​ទឹកជំនន់​។​
​គួរ​បញ្ជាក់ដែរថា ព្យុះ​ទី​ហ្វុ​ង Sarika ដែល​ឥឡូវនេះ​ស្ថិតនៅ​ក្នុងប្រទេស​ហ្វីលីពីន កំពុងតែ​ធ្វើដំណើរ​សំដៅ​មកកាន់​តំបន់​ភាគ​កណ្តាល​ប្រទេស​វ​វៀតណាម និង​អាច​នាំយកមក​ជាមួយ​នូវ​ចំនួន ទឹកភ្លៀង​បន្ថែមទៀត ទៅលើ​តំបន់ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​៕

fn-2016-10-16-09-46-09-0