លោក សេក បរិសុទ្ធ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ខេត្តក្រចេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

ខេត្តក្រចេះ​៖ អ្នកកាសែត​ចាស់វស្សា​ម្នាក់ និង​បុគ្គលិក​អង្គការ AEA លោក សេក បរិសុទ្ធ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​អធិការនគរបាល​ស្រុក​សំបូរ​ខេត្តក្រចេះ​បានដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣៥​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង​។​
​មន្ត្រីនគរបាល​បានបញ្ជាក់​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង នៅពេល​រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​។​
​លោក សេក បរិសុទ្ធ មាន​វ័យ​៥០​ឆ្នាំ​គឺជា​គ្រូបង្រៀន​អ្នកសារព័ត៌មាន នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

fn-2016-10-16-08-32-52-0fn-2016-10-16-08-31-36-014642275_2165444877015036_1812535568809291818_n